(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីអាមេរិកពីររូបបានឃោសនាបំប៉ោងពីបញ្ហាសមុទ្រចិនខាងត្បូងម្តងទៀត ដោយបានអះអាងថា ចិនបានធ្វើ «ទង្វើដាក់សម្ពាធនិងមិនទទួលខុសត្រូវ» នៅសមុទ្រចិនខាងត្បូង ប្រការនេះមុខជានឹងបណ្តាលឱ្យ កើតមានរឿងហេតុដ៏ធំជាមិនខាន។ ហើយនៅថ្ងៃដដែល នាវាផ្ទុកយន្តហោះ Ronald Reagan របស់កងទ័ពអាមេរិក បានធ្វើនាវាចរណ៍ចាកចេញពីកំពង់ផែសិង្ហបុរី ធ្វើដំណើរទៅកាន់សមុទ្រចិនខាងត្បូងម្តងទៀត។

បើសិនជានិយាយដល់ទង្វើ «ប្រើអំណាចបង្ខិតបង្ខំ» នោះនៅលើពិភពលោកទាំងមូល ប្រទេសណាអាចប្រៀបធៀបនឹងអាមេរិកបាន ? ក្នុងនាមជាប្រទេសនៅពីក្រៅតំបន់ ជាច្រើនឆ្នាំកន្លងមក អាមេរិកបានបង្ហាញសាច់ដុំនៅសមុទ្រចិនខាងត្បូង ដោយយកទង់ «សេរីភាពខាង នាវាចរណ៍» ធ្វើជាលេស នេះទើបជាមូលហេតុធំជាងគេដែលបណ្តាលឱ្យ មានយោធូបនីយកម្មនៅសមុទ្រចិនខាងត្បូង។

តាមការទម្លាយរបស់ផ្នែកយោធារបស់ចិនបានឱ្យដឹងថា នៅកណ្តាលខែនេះ នាវាប្រដេញបំពាក់គ្រាប់មីស៊ីល Benfold របស់អាមេរិកបានសម្រុកចូលលំហសមុទ្រ Xi Sha របស់ប្រទេសចិន ដោយមិនបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលចិន។ យុទ្ធភូមិខាងត្បូងរបស់កងទ័ពរំដោះប្រជាជនចិន បានចាត់បញ្ជូនកងទ័ពជើងអាកាសនិងជើងទឹក តាមដានឃ្លាំមើល ព្រមទាំងបញ្ចេញការព្រមាននិងបណ្តេញចេញ។

វាច្បាស់ណាស់ គឺអាមេរិកហ្នឹងឯង ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរនូវអធិបតេយ្យភាព និងសន្តិសុខរបស់ចិន ក៏ដូចជាបានបំផ្លាញសន្តិភាព និងស្ថិរភាពនៅតំបន់សមុ្រទចិនខាងត្បូង តែអាមេរិកបែរជាទម្លាក់កំហុសឱ្យគេ ហើយបានដាក់កំហុស «ការប្រើអំណាចបង្ខិតបង្ខំ» ដែលជាកំហុសរបស់ខ្លួនឯងទៅឱ្យប្រទេសចិន ដែលគ្រាន់តែចង់ការពារអធិបតេយ្យភាព និងសន្តិសុខប្រទេសជាតិ ក្នុងន័យអុជអាលបំបែកបំបាក់ទំនាក់ទំនង រវាងចិននិងប្រទេសជុំវិញសមុទ្រចិនខាងត្បូង។ បច្ចុប្បន្ននេះ ក្នុងបរិបទដែលអាមេរិកបានផ្តោតសំខាន់ ទៅលើការប្រកួតប្រជែងជាមួយប្រទេសធំ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក សមុទ្រចិនខាងត្បូងបានក្លាយជាសន្លឹកបៀរ ដ៏សំខាន់របស់អាមេរិកសម្រាប់ដាក់សម្ពាធលើប្រទេសចិន ក៏ដូចជារក្សាអនុត្តរភាពរបស់ខ្លួនរួចទៅហើយ។

មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា នាពេលថ្មីៗកន្លងទៅនេះ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី បានបំពេញទស្សនកិច្ចនៅប្រទេសចិន ភាគីទាំងពីរបានសម្រេចថា នឹងបង្កើនការប្រាស្រ័យទាក់ទងរវាងស្ថាប័នសមុទ្រ លើគ្រប់វិស័យ អនុវត្តឱ្យបានល្អនូវគម្រោងមូលនិធិសហប្រតិបតិ្តការលើសមុទ្រ និងត្រួសត្រាយសក្តានុពលសេដ្ឋកិច្ចលើសមុទ្រ ព្រមទាំងបានចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការលើវិស័យសមុទ្រជាដើម។ ហើយពេលមុននេះ ក្នុងកិច្ចសន្ទនាកំពូលសាងគ្រីឡា ដែលបើកធ្វើនៅខែមិថុនា លោក Prabowo ក្រសួងការពារជាតិឥណ្ឌូណេស៊ី បានលើកឡើងយ៉ាងច្បាស់ថា «ឥណ្ឌូណេស៊ីនឹងមិនចូលក្នុងសម័្ពន្ធយោធាណាមួយទេ បញ្ហាក្នុងតំបន់គួរតែដោះស្រាយតាមវិធីបែបអាស៊ី»

ក្នុងនាមជាប្រទេសនាំមុខគេរបស់អាស៊ាន អាកប្បកិរិយារបស់ឥណ្ឌូណេស៊ីបានឆ្លុះបញ្ចាំងពី សម្លេងរួមរបស់ប្រទេស នៅតាមតំបន់សមុទ្រចិនខាងត្បូង។ ឆ្នាំនេះ ជាខួបទី២០នៃការចុះហត្ថលេខាលើ «សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង»។ ២០ឆ្នាំកន្លងមក បណ្តាភាគីនានាបានគោរពតាមការកំណត់នៃ «សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង» បានរួមគ្នាគាំពារសន្តិភាព និងស្ថិរភាពនៃសមុទ្រចិនខាងត្បូង ក៏ដូចជាបានរក្សាសេរីភាពនិងសុវត្ថិភាពនៃនាវាចរណ៍ នៅសមុទ្រចិនខាងត្បូងផងដែរ។ មិនថាអាមេរិកបានបង្ករឿងហេតុនៅសមុទ្រចិនខាងត្បូងយ៉ាងណាក៏ដោយ ក៏វាប្រៀបដូចទឹកជោរអ៊ីចឹង រួចស្រកទៅវិញ ទីបំផុតនឹងឥតប្រយោជន៍បានឡើយ។

ប្រវត្តិសាស្ត្រពិតជានឹងបញ្ជាក់ថា នៅលំហសមុទ្រចិនខាងត្បូងដែលមានសន្តិភាព អ្នកណាគ្រាន់ជាអ្នកដំណើរ អ្នកណាទើបជាម្ចាស់ផ្ទះពិតប្រាកដ៕

វិទ្យុមិត្តភាពកម្ពុជាចិន