(ប៉េកាំង)៖ ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងទៅនេះ វិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យារបស់ប្រទេសចិន មានការវិវត្តរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ដោយប្រទេសចិនបានហក់ឡើងទៅដល់លំដាប់ទី១២ នៅលើតារាងសកលលោកស្ដីពីប្រទេស ដែលមាននវានុវត្តន៍ខ្ពស់បំផុតប្រចាំឆ្នាំ២០២១ ដែលកាលពីឆ្នាំ២០១២កន្លងទៅ ប្រទេសចិនស្ថិតនៅត្រឹមលំដាប់ទី២០ នៅលើតារាងនេះ។

បើនិយាយអំពីសមត្ថភាពបច្ចេកវិទ្យារបស់ប្រទេសចិន រហូតមកដល់ពេលនេះ យើងអាចនិយាយបានថា ប្រទេសចិនមានសមត្ថភាពរឹងមាំផ្នែកបច្ចេកវិទ្យាកម្រិតមធ្យម ដូចជា បច្ចេកវិទ្យាគ្រឿងយន្ត សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទិកទំនើប ឧបករណ៍អេឡិកត្រូនិក និងសម្ភារៈឧបករណ៍ថាមពលកកើតឡើងវិញ ហើយទន្ទឹមគ្នានេះ ប្រទេសចិន កំពុងបោះជំហានឆ្ពោះទៅរកការពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជាប្រព័ន្ធថាមពលស្អាត យានយន្តបើកបរដោយខ្លួនឯង យានយន្តប្រើប្រាស់ថាមពលថ្មី ស្វ័យប្រវត្តិកម្មនិងមនុស្សយន្ត បច្ចេកវិទ្យាវេជ្ជសាស្រ្ត បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ក្រោយ បញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យាអវកាសនិងពាណិជ្ជកម្មអេឡិកត្រូនិក។

ជោគជ័យដ៏លេចធ្លោទាំងនេះ មិនមែនកើតឡើងដោយចៃដន្យឥតព្រាងទុកនោះឡើយ តែសមិទ្ធិផលទាំងនេះ គឺជាលទ្ធផលនៃការដឹកនាំដ៏ល្អ និងការរៀបចំផែនការ និងការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធិភាពរបស់រដ្ឋាភិបាលចិន រួមផ្សំនិងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធនានា ដូចជាវិស័យឯកជននិងប្រជាជនចិន ព្រមទាំងភាពអំណោយផល នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសចិន ផងដែរ។

គោលដៅចម្បងរបស់រដ្ឋាភិបាលចិន គឺប្រែក្លាយប្រទេសចិនទៅជា «ប្រជាជាតិនវានុវត្តន៍» មួយ។ ដើម្បីសម្រេចគោលដៅនេះ រដ្ឋាភិបាលចិនបានដាក់ចេញ នូវគោលនយោបាយឧស្សាហកម្មជាយុទ្ធសាស្រ្ត ដែលមានឈ្មោះថា «ផលិតនៅក្នុងប្រទេសចិននៅឆ្នាំ២០២៥» ដោយរដ្ឋាភិបាលចិន ផ្ដោតការយកចិត្តទុកដាក់ជាចម្បងទៅលើ ការវិនិយោគលើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ ការសិក្សាអប់រំ និងការវិនិយោគទុនលើ ការចាប់ផ្ដើមអាជីវកម្មដំបូងរបស់សហគ្រិន។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលចិនបានតម្រង់ទិសនៃការវិនិយោគរបស់ខ្លួន ទៅលើបច្ចេកវិទ្យាថ្មីៗជាយុទ្ធសាស្រ្ដដែលមានដូចជា បច្ចេកវិទ្យាបរិស្ថាន ព័ត៌មាននិងទូរគមនាគមន៍ បច្ចេកវិទ្យាជីវសាស្រ្ត ផលិតកម្មទំនើប និងថាមពលកកើតឡើងវិញ ជាដើម។

ក្នុងឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាលចិនបានចំណាយទុនប្រហែល ៤២០ពាន់លានដុល្លាសហរដ្ឋអាមេរិក ទៅលើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ ដែលស្មើនឹង ២,៤៤% នៃផលិតផលក្នុងស្រុកសរុប ដែលនេះគឺជាបរិមាណទុនវិនិយោគខ្ពស់បំផុត ក្នុងលំដាប់ទីពីរទៅលើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ បើប្រៀបធៀបទៅនឹងប្រទេសដ៏ទៃផ្សេងទៀតនៅទូទាំងពិភពលោក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលចិនបានអនុវត្តគោលនយោបាយបើកចំហ ដោយគាំទ្រនិងជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ ជាមួយប្រទេសនានានៅទូទាំងពិភពលោក ដើម្បីរួមចំណែកដល់ការអភិវឌ្ឍផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។

ដោយយល់ឃើញថាសមត្ថភាពធនធានមនុស្ស គឺជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍ រដ្ឋាភិបាលចិន ផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យអប់រំ ដោយតម្រង់ទិសនៃការផលិតធនធានមនុស្ស ឆ្ពោះទៅរកការអភិវឌ្ឍនវានុវត្តន៍។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលចិន ចំណាយប្រហែល២០% នៃថវិកាជាតិទៅលើវិស័យអប់រំ។ ទន្ទឹមនឹងនេះ ប្រជាជនចិនខ្លួនឯង ក៏បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើការសិក្សាអប់រំរបស់កូនចៅពួកគេផងដែរ។ ប្រទេសចិន មានអត្រាសិស្សនិស្សិតដែលសិក្សា នៅឯបរទេសច្រើនជាងគេបំផុត។ ប្រទេសចិន ផលិតបានសិស្សដែលបញ្ចប់ការសិក្សា ផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ច្រើនជាងសហរដ្ឋអាមេរិក រហូតដល់ទៅ៩ដង។

សមិទ្ធិផលក្នុងវិស័យអប់រំដ៏លេចធ្លោទាំងនេះ ធ្វើឲ្យប្រទេសចិនទទួលបានកម្លាំងពលកម្ម ដែលមានចំណេះដឹងខ្ពស់និងវិន័យល្អ ដែលមានសមត្ថភាពពេញលេញ ក្នុងការបំពេញការងារជាមួយបច្ចេកវិទ្យាថ្មីៗ និងមានសមត្ថភាពសិក្សាស្រាវជ្រាវអភិវឌ្ឍ ដើម្បីបង្កើតបច្ចេកវិទ្យាថ្មីៗដោយផ្អែកលើ បច្ចេកវិទ្យាដែលមានស្រាប់។ ទន្ទឹមនឹងនេះ ប្រទេសចិន មានមូលដ្ឋានគ្រឹះបច្ចេកវិទ្យា និងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មនៅក្នុងស្រុកដ៏រឹងមាំរួចជាស្រេច និងមានទីផ្សារក្នុងស្រុកដ៏ធំសម្បើម និងកម្លាំងទិញធំធេងដែលកំពុងកើនឡើង ឥតឈប់ឈរ ដែលកត្តាទាំងនេះ គឺជាកត្តាដ៏មានឥទ្ធិពលដែលទាក់ទាញ និងជំរុញលើកទឹកចិត្តឲ្យក្រុមហ៊ុនឯកជននានា ធ្វើការវិនិយោគនិងខិតខំធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ។

ការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ចិន មិនត្រឹមតែផ្ដល់ផលប្រយោជន៍ ដល់ប្រទេសចិនខ្លួនឯងតែប៉ុណ្ណោះទេ តែថែមទាំងផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ដល់ពិភពលោកទាំងមូល ជាពិសេសប្រទេសកំពុងអភិវឌ្ឍ។ ប្រទេសកំពុងអភិវឌ្ឍនានា ត្រូវការជាចាំបាច់នូវបច្ចេកវិទ្យាថ្មីៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួន ឲ្យបានឆាប់រហ័ស ហើយប្រទេសចិនមានសមត្ថភាព ផលិតនិងផ្គត់ផ្គង់បច្ចេកវិទ្យាបែបនេះ ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងតម្លៃទាបដែលប្រទេសទាំងនោះ អាចទទួលយកបាន៕

អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ