(ប៊ុយដាប៉ែស)៖ នាយករដ្ឋមន្រ្តីហុងគ្រី លោក វ៉ិចទ័រ អរបាន (Viktor Orban) បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសហុងគ្រីរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយរុស្ស៊ីស្តីពីការដឹកជញ្ជូនឧស្ម័នបន្ថែមចំនួន ៧០០លានម៉ែត្រគូប នៅចុងរដូវក្តៅនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។

កន្លងមកប្រទេសទាំងពីរ បានពិភាក្សាគ្នាសម្រាប់ការផ្គត់ផ្គង់ឧស្ម័នបន្ថែម ពីលើកិច្ចព្រមព្រៀងផ្គត់ផ្គង់រយៈពេលវែង ដែលមានស្រាប់។ ថ្លែងប្រាប់វិទ្យុរដ្ឋហុងគ្រី លោក អរបាន បានគូសបញ្ជា់ថា «ហុងគ្រីនឹងមានឧស្ម័នគ្រប់គ្រាន់។ យើងកំពុងចរចាជាមួយរុស្ស៊ី ដើម្បីទិញឧស្ម័នបន្ថែម ៧០០លានម៉ែត្រគូប ដែលកិច្ចព្រមព្រៀងនេះ អាចនឹងត្រូវចុះហត្ថលេខាក្នុងរដូវក្តៅ ហេតុនេះយើងមិនចាំបាច់ព្រួយបារម្ភទៀតឡើយ»

គួរបញ្ជាក់ថា ហុងគ្រី ដែលពឹងផ្អែកលើឧស្ម័នរុស្ស៊ី ប្រហែល៨៥% បានប្រឆាំងយ៉ាងដាច់ខាត ចំពោះគំនិតដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុប លើការនាំចូលឧស្ម័នពីរុស្ស៊ី។ ក្រោមកិច្ចព្រមព្រៀងរយៈពេល១៥ឆ្នាំ ជាមួយក្រុមហ៊ុន ហ្គាស់ព្រូម (Gazprom) របស់រុស្ស៊ី ដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន ហុងគ្រីទទួលបានឧស្ម័ន ៣.៥ ពាន់លានម៉ែត្រគូប ក្នុងមួយឆ្នាំ តាមរយៈប្រទេសប៊ុលហ្ការី និងស៊ែប៊ី រីឯ១ពាន់លានម៉ែត្រគូបទៀត ទទួលបានតាមរយៈបំពង់បង្ហូរឧស្ម័នពីប្រទេសអូទ្រីស៕