(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ករណីឆ្លងដំបូងបំផុតនៃជំងឺអុតស្វា នៅក្នុងប្រទេសរបស់ខ្លួន ទើបត្រូវបានរកឃើញ នៅលើពលរដ្ឋហ្វីលីពីនម្នាក់ ដែលបានត្រឡប់មកពីក្រៅប្រទេសវិញ កាលពីពេលកន្លងទៅ ក្នុងខែកក្កដានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។

លោកស្រី បេវើលី ហូ (Beverly Ho) រដ្ឋលេខាធិការនៃ ក្រសួងសុខាភិបាលហ្វីលីពីន បាននិយាយថា អ្នកជំងឺខាងលើ គឺជាជនជាតិហ្វីលីពីន វ័យ៣១ឆ្នាំម្នាក់ ដែលបានត្រឡប់មកពីក្រៅប្រទេសវិញ កាលពីថ្ងៃទី១៩ ខែកក្កដា។ បើតាមលោកស្រី Ho អ្នកជំងឺបានធ្វើដំណើរទៅ ប្រទេសដែលមានកត់ត្រាករណីជំងឺអុតស្វា ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ឱ្យចំថា ប្រទេសណាខ្លះឡើយ។ ជាមួយគ្នានេះ អាជ្ញាធរហ្វីលីពីនក៏បានរកឃើញ អ្នកជាប់ពាក់ព័ន្ធជិតស្និទ្ធចំនួន ១០នាក់ផងដែរ។ ទោះអ្នកទាំងនោះ មិនមានរោគសញ្ញាសង្ស័យក៏ដោយ ពួកគេកំពុងបន្តស្ថិតក្រោមការតាមដាន។

គួរបញ្ជាក់ថា មកទល់ពេលឥឡូវ ករណីឆ្លងជំងឺអុតស្វាបានកើនដល់ជាង ១៨,០០០ករណី ដែលត្រូវបានរាយការណ៍ចេញពីប្រទេស ចំនួន៧៨ ជុំវិញពិភពលោក។ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន អង្គការសុខភាពពិភពលោក បានសម្រេចប្រកាសចាត់ទុក ការរីករាលដាលនៃជំងឺនេះ ជាភាពអាសន្នផ្នែកសុខភាពលក្ខណៈអន្តរជាតិ៕