(មូស្គូ)៖ វិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានច្រានចោលការអះអាងរបស់អាមេរិកដែលថា ទាហានរុស្ស៉ីសរុបចំនួន ៧៥,០០០នាក់ បានបាត់បង់ជីវិតនិងរងរបួស គិតចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន បានផ្ទុះឡើងកាលពី៥ខែមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយយ៉ាងដូច្នេះថា «តាមពិតទៅ ទិន្នន័យទាំងនោះ មិនមែនមកពីរដ្ឋាភិបាលអាមេរិកផ្ទាល់ឡើយ គឺមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក។ ក្នុងសម័យយើងឥឡូវនេះ សូម្បីតែសារព័ត៌មាន គួរឱ្យជឿជាក់បំផុត ក៏ហ៊ានផ្សព្វផ្សាយ រឿងរ៉ាវមិនពិតគ្រប់បែបយ៉ាងផងដែរ។ គួរឱ្យសោកស្តាយ នេះគឺជាទម្លាប់ដែលយើងកំពុងមើលឃើញ កាន់តែញឹកញាប់ឡើងៗ»

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់អ្នកនាំពាក្យរុស្ស៉ីរូបនេះ គឺជាការឆ្លើយតបចំពោះ ការចុះផ្សាយអំពីតួលេខកងទ័ពរុស្ស៉ី ដែលបានស្លាប់និងរបួស សរុបដល់ទៅ ៧៥,០០០នាក់ ក្នុងសង្រ្គាមអ៊ុយក្រែន ដោយបណ្តាញផ្សព្វផ្សាយធំៗនៅសហរដ្ឋអាមេរិក រួមមាន New York Times និង CNN ជាដើម ដែលផ្អែកលើប្រភពពីមន្រ្តីនិងសមាជិកសភាអាមេរិក៕