(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានទទួលស្គាល់ពីសំណើរៀបចំកិច្ចសន្ទនាតាមទូរស័ព្ទមួយពីទីក្រុងវ៉ាស៊ីនតោន ហើយថាការសន្ទនារវាងអ្នកការទូតកំពូលរបស់ប្រទេសទាំងពីរអាចនឹងធ្វើទៅបាន នៅពេលវេលាស័ក្តិសមណាមួយ ខណៈប្រមុខការទូតរុស្ស៊ី គឺលោក សឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) កំពុងមមាញឹកនឹងការងារ។ នេះបើយោងតាមការដកស្រង់ផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។

ដោយសំដៅទៅលើសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរៀបចំកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ឡាវរ៉ូវ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្ល៊ីនខិន (Antony Blinken) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូចច្នេះ ថា «លោក ឡាវរ៉ូវ នឹងយកចិត្តទុកដាក់ចំពោះសំណើនេះ ប៉ុន្តែគឺនៅពេលដែលពេលវេលាដែលអាចធ្វើទៅបាន»

លោកស្រី ហ្សាខារ៉ូវ៉ា បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក្នុងពេលបច្ចុប្បន្ន «មានកាលវិភាគមមាញឹកជាមួយទំនាក់ទំនងអន្តរជាតិ» រួមទាំងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី របស់អង្គការសហប្រតិបត្តិការសៀងហៃ និងកិច្ចប្រជុំទ្វេភាគីមួយចំនួនទៀត។

គួរបញ្ជាក់ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេត ប្រាយ (Ned Price) បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិក កំពុងស្វែងរកកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង២។ សហរដ្ឋអាមេរិក នឹងយកកិច្ចសន្ទនានេះ មកពិភាក្សាលើសំណើដ៏ច្រើនរបស់ខ្លួន ស្តីពីការដោះលែងជនជាតិអាមេរិក ដែលកំពុងជាប់ឃុំក្នុងពន្ធនាគាររុស្ស៉ី៕