(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានព្រមានសមភាគីអាមេរិករបស់លោក គឺលោក ចូ បៃដិន កុំឱ្យ «ប្រឡែងលេងជាមួយភ្លើង» ពាក់ព័ន្ធនឹង កោះតៃវ៉ាន់ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកទី៥ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចំពេលមុខភាពតានតឹងទាំងខាងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ រវាងមហាអំណាចទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទចាយពេលជាង ២ម៉ោង លោក ស៊ី ជិនពីង បានប្រាប់លោក បៃដិនថាសហរដ្ឋអាមេរិក គួរតែអនុវត្តឱ្យបានតាម «គោលការណ៍ចិនតែមួយ» ហើយបានសង្កត់ធ្ងន់ដែរថាចិនជំទាស់ជាដាច់ខាតទៅនឹងឯករាជ្យភាពរបស់តៃវ៉ាន់ និងការលូកលាន់ពី កម្លាំងខាងក្រៅ។ «អ្នកដែលប្រឡែងលេងជាមួយភ្លើង តែងតែត្រូវបានភ្លើងឆេះ...ហើយយើងសង្ឃឹមថាភាគីអាមេរិកនឹងយល់យ៉ាងច្បាស់ពីបញ្ហានេះ»។ នេះ ជាការបញ្ជាក់របស់លោក ស៊ី ជិនពីង ប្រាប់លោក បៃដិន។

យ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ សេតវិមានបានបញ្ជាក់ថា លោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីចិនដែរថាគោលនយោបាយអាមេរិក មិន បានផ្លាស់ប្ដូរឡើយ ហើយទីក្រុងវ៉ាស៊ីនតោនប្រឆាំងជាដាច់ខាតទៅនឹងរាល់ការព្យាយាមកែប្រែស្ថានភាពដើមដោយឯកតោភាគី ឬបំផ្លាញដល់សន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់។

គួរបញ្ជាក់ថា ជំនួបតាមទូរស័ព្ទខាងលើរវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង កើតមានឡើងក្រោយមានសេចក្ដីរាយការណ៍ថាប្រធានសភាតំណាងរាស្ត្រ អាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី មានផែនការបំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់នៅខែក្រោយនេះ។ លោកស្រី ផេឡូស៊ី មិនទាន់បានបញ្ជាក់ថានឹងធ្វើ ទស្សនកិច្ចនៅតៃវ៉ាន់តាមការគ្រោងទុកឬក៏យ៉ាងណានោះទេ ប៉ុន្តែចិនបានព្រមានទុកមុនថានឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ហើយសហរដ្ឋអាមេរិកគឺ ជាអ្នកទទួលខុសត្រូវលើរាល់ផលវិបាកទាំងឡាយ បើទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ីកើតឡើងមែននោះ៕