(ហុងកុង)៖ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ១គ្រឿង និងក្រុមនាវាចម្បាំងអមដំណើរ បានវិលត្រឡប់ទៅកាន់ តំបន់សមុទ្រចិនខាងត្បូងវិញ ក្រោយការចូលចតនៅប្រទេសសិង្ហបុរី។ ការចល័តទៅកាន់តំបន់ដែនទឹកមានវិវាទនេះ គឺស្របពេលភាពតានតឹងកំពុងតែកើនឡើង ជាមួយចិន ជុំវិញលទ្ធភាពនៃការបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដោយប្រធានសភាអាមេរិក គឺលោកស្រី ណានស៉ី ផេឡូស៉ី (Nancy Pelosi)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។

ខាងកងទ័ពជើងទឹកអាមេរិកបានបញ្ជាក់ថា នាវាផ្ទុកយន្តហោះចម្បាំង យូអេសអេស រ៉ូណាល់ រីហ្គេន (USS Ronald Reagan) ហើយនិងក្រុមនាវាចម្បាំងអមដំណើរ កំពុងធ្វើប្រតិបត្តិការជាថ្មីឡើងវិញ នៅសមុទ្រចិនខាងត្បូង ក្រោយការចូលចតរយៈពេលខ្លីនៅសិង្ហបុរី។ យោធាអាមេរិកអះអាងថា វត្តមានរបស់នាវា Ronald Reagan នាពេលនេះ គឺប្រព្រឹត្តទៅតាមកាលវិភាគកំណត់ និងជាផ្នែកនៃការល្បាតជាប្រចាំ ដើម្បីគាំទ្រចំពោះតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលសេរីនិងបើកចំហ។ យ៉ាងណាក្តី ទ័ពជើងទឹកអាមេរិក ពុំបានផ្តល់ការអត្ថាធិប្បាយចំពោះសំណួរទាក់ទង ភាពតានតឹងជុំវិញដំណើរទស្សនកិច្ចរបស់លោក Pelosi ឡើយ។ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក Ronald Reagan មានមូលដ្ឋានឈរជើង នៅឯប្រទេសជប៉ុន។

ពាក់ព័ន្ធដំណឹងនៃដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទីក្រុងប៉េកាំងបានចេញមុខព្រមានអាមេរិកធ្ងន់ៗ ម្តងហើយម្តងទៀត។ លោកស្រី Pelosi ត្រូវគេរាយការណ៍ថា គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នៅខែសីហាខាងមុខនេះ ក្រោយខកខានកាលពីខែមេសា កន្លងទៅ ដោយសារលោកស្រីឆ្លងកូវីដ១៩។ យ៉ាងណាក៏ដោយ មកទល់ឥឡូវ លោកស្រីផ្ទាល់ មិនទាន់ចេញមុខទទួលស្គាល់ អំពីគម្រោងទស្សនកិច្ចនាខែក្រោយនេះ នៅឡើយទេ។

គួរបញ្ជាក់ថា ភាពតានតឹងជុំវិញបញ្ហាតៃវ៉ាន់ ត្រូវគេរំពឹងថានឹងក្លាយជាប្រធានបទពិភាក្សា នៅពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង ត្រូវជួបគ្នាតាមទូរស័ព្ទជាលើកទី៥ ក្នុងសប្តាហ៍នេះ ខណៈបើឆាប់បំផុតគឺវានឹងកើតឡើង នៅកំលុងថ្ងៃព្រហស្បតិ៍នេះតែម្តង៕