(ម៉ានីល)៖ អ្នកស្រុកនៅក្នុងខេត្ត អាប្រា (Abra) នៃប្រទេសហ្វីលីពីន បានចំណាយពេល១យប់ ស្នាក់នៅខាងក្រៅផ្ទះ បន្ទាប់ពីមានហេតុការណ៍រញ្ជួយដីដ៏ខ្លាំងក្លាមួយ បានវាយប្រហារកោះ លូសុន (Luzon) ដែលបានសម្លាប់មនុស្ស ចំនួន៤នាក់ និង ជាង១៣០នាក់រងរបួស។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។

ការរញ្ចួយដីកម្រិត ៧.១ រ៉ិចទ័រ បានវាយប្រហារកោះ លូសុន ភាគខាងជើងប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ ដោយបានបំផ្លាញផ្ទះ និងអគារជាច្រើន រួមទាំងសំណង់បេតិកភណ្ឌ, ព្រះវិហារ ដែលមានអាយុកាលរាប់សតវត្ស។ មនុស្សមួយចំនួននៅក្នុងតំបន់រងគ្រោះ បានលើកឡើងស្រដៀងគ្នាថា ដោយសារតែមានការភ័យខ្លាចពេកក្នុងការត្រឡប់ទៅផ្ទះវិញ ពួកគេនិងក្រុមគ្រួសារបានសម្រេចចិត្តបោះតង់ នៅតាមចិញ្ចើមផ្លូវ និងនៅសួនឧទ្យានជាដើម ដើម្បីធានាសុវត្ថិភាព។

លោក ម៉ាក ថីមបល (Mark Timbal) អ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រោះមហន្តរាយជាតិហ្វីលីពីន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីត្រូវបានកែសម្រួល ពីចំនួន ៥នាក់ មកនៅត្រឹម ចំនួន៤នាក់ ប៉ុន្តែចំនួនអ្នករបួសបានកើនឡើងដល់ជាង ១៣០នាក់។

គួរបញ្ជាក់ថា ហ្វីលីពីនងាយនឹងជួបគ្រោះមហន្តរាយធម្មជាតិ ព្រោះស្ថិតនៅលើចំណុចរញ្ជួយសកម្ម នៃមហាសមុទ្រប៉ាស៊ីហ្វិក។ ការរញ្ជួយដីកើតឡើងជាញឹកញាប់ ហើយជាមធ្យមប្រទេសអាស៊ានមួយនេះ ក៏ជួបប្រទះនឹងព្យុះទីហ្វុងចំនួន ២០លើក ក្នុងមួយឆ្នាំៗ ដែលពេលខ្លះបង្កឱ្យមានការរអិលបាក់ដីជាដើម៕