(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមអតីតសមាជិកនៃបក្សប្រជាធិបតេយ្យ (Democratic) និងគណបក្សសាធារណរដ្ឋ (Republican) នៅសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការ អំពីការបង្កើតគណបក្សនយោបាយទី៣ថ្មី ដើម្បីផ្តល់ជម្រើសថ្មីសន្លាងមួយ សម្រាប់អ្នកបោះឆ្នោតរាប់លាននាក់ ដែលកាន់តែមានក្តីប្រារម្ភខ្លាំងឡើង ចំពោះអ្វីដែលពួកគេមើលឃើញថាជា ប្រព័ន្ធគណបក្សពីរ ដែលហាក់លែងមានប្រសិទ្ធភាពតទៅទៀត របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។

គណបក្សថ្មីខាងលើមានឈ្មោះថា គណបក្សឆ្ពោះទៅមុខ (Forward) ហើយជាជំហានដំបូង វានឹងត្រូវគ្រប់គ្រងដោយសហប្រធានគឺ អតីតបេក្ខជនប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យ លោក អាន់ឌ្រូ យ៉ាង (Andrew Yang) ព្រមទាំងលោកស្រី គ្រីស្ទីន ថដ វីតមែន (Christine Todd Whitman) ដែលជាអតីតអភិបាលរដ្ឋញូចឺស៉ី (New Jersey) មកពីបក្សសាធារណរដ្ឋ។ ក្រុមស្ថាបនិកគណបក្ស Forward សង្ឃឹមថា បក្សនយោបាយទី៣នេះ នឹងក្លាយជាជម្រើសដ៏ប្រសើរមួយ ជំនួសឱ្យគណបក្សធំដាច់គេទាំងពីរ នាពេលបច្ចុប្បន្ន ដែលបានគ្រប់គ្រងនយោបាយអាមេរិក អស់រយៈពេលជាង២សតវត្សរ៍មកហើយ។

គណបក្ស Forward គឺជាការរួមបញ្ចូលគ្នារវាង អង្គការនយោបាយចំនួន៣ ដែលទើបលេចឡើងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាការឆ្លើយតបចំពោះប្រព័ន្ធនយោបាយដែលជាប់គាំង និងមានភាពបែកបាក់គ្នាខ្លាំង របស់សហរដ្ឋអាមេរិក។ អង្គការទាំង៣នោះ រួមមាន អង្គការ Renew America Movement ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០២១ ដោយអតីតមន្រ្តីជាច្រើនរូប ដែលធ្លាប់បម្រើការ ក្នុងរដ្ឋបាលបក្សសាធារណរដ្ឋ, អង្គការ Forward របស់លោក Yang ដែលបានចាកចេញពីបក្សប្រជាធិបតេយ្យ កាលពីឆ្នាំ២០២១ និងក្លាយជាអ្នកនយោបាយឯករាជ្យ, និងអង្គការ Serve America Movement ដែលមានសមាសភាពចម្រុះមកពីបក្សប្រជាធិបតេយ្យ, បក្សសាធារណរដ្ឋ និងអ្នកនយោបាយឯករាជ្យ។

គួរបញ្ជាក់ថា នៅសហរដ្ឋអាមេរិក ទោះមានគណបក្សនយោបាយជាង៤០០ ត្រូវបានចុះបញ្ជីក៏ដោយ មានតែគណបក្សធំ២ប៉ុណ្ណោះ គឺបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ ដែលត្រូវបានទទួលស្គាល់នៅទូទាំងប្រទេស។ គណបក្សតូចៗដទៃ ក្រៅពីគណបក្សទាំងពីរនេះ គេនិយមហៅថា គណបក្សទី៣ ហើយគណបក្សទី៣ ដែលមានការទទួលស្គាល់ នៅរដ្ឋចាប់ពី១០ឡើងទៅ រួមមាន ដូចជាគណបក្ស Libertarian Party, គណបក្ស Green Party និងគណបក្ស Constitution Party ជាដើម។ សម្រាប់គណបក្សទី៣ថ្មី Forward គឺមិនទាន់ច្បាស់ទេថា នឹងទទួលបានគាំទ្រធំប៉ុនណា ហើយអាចប្រជែងជាមួយគណបក្សប្រជាធិបតេយ្យ ឬគណបក្សសាធារណរដ្ឋ ដែរឬក៏អត់នោះឡើយ៕