(កៀវ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក អាឡិចស៉ី ដានីឡូវ (Aleksey Danilov) ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិរបស់អ៊ុយក្រែន បានព្រមានថា ទីក្រុងកៀវនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការវាយប្រហារទៅលើទឹកដីរបស់ប្រទេសរុស្ស៉ី ប្រសិនបើវាជារឿងចាំបាច់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។

លោក Danilov បាននិយាយថា ទីក្រុងកៀវបានតាមដានជាប់ រាល់ការវាយប្រហារដោយមីស៉ីល និងតាមផ្លូវអាកាស ដែលរុស្ស៉ីបានធ្វើឡើងប្រឆាំងមកលើអ៊ុយក្រែន ហើយអាជ្ញាធរអ៊ុយក្រែនដឹងច្បាស់ណាស់ អំពីទីតាំងទាំងអស់នៅក្នុងប្រទេសរុស្ស៉ី ដែលការវាយប្រហារបានធ្វើឡើងចេញមក។ លោកបានបន្ថែមថា ទីក្រុងកៀវមានឆន្ទៈនយោបាយគ្រប់គ្រាន់ ដើម្បីបើកការវាយប្រហារប្រឆាំងគោលដៅទាំងនោះ ប្រសិនបើមានការចាំបាច់តម្រូវឱ្យធ្វើយ៉ាងដូច្នោះ។

ប្រធានក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែនរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើចាំបាច់ រដ្ឋាភិបាលនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងចេញបញ្ជាដើម្បីកម្ទេចទីតាំងទាំងនោះ» ហើយលោកបានគូសបញ្ជាក់ថា សម្តីរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អំពីការសងសឹករបស់អ៊ុយក្រែន ប្រឆាំងប្រភពទីតាំងនៃការវាយប្រហាររបស់រុស្ស៉ី គឺបម្រើជាភស្តុតាង នៃការតាំងចិត្តយ៉ាងរឹងមាំរបស់ទីក្រុងកៀវ។

គួរបញ្ជាក់ថា កន្លងមក ក្រុមមន្រ្តីអ៊ុយក្រែនមួយចំនួនបានបង្ហើបថា កងទ័ពអ៊ុយក្រែនអាចនឹងប្រើប្រាស់ប្រព័ន្ធបាញ់ផ្លោងរ៉ុក្កែត ដែលទទួលបានពីលោកខាងលិច វាយប្រហារទៅលើគោលដៅនៅតំបន់ឧបទ្វីបគ្រីមៀ។ ជាការឆ្លើយតប ទីក្រុងមូស្គូបាននិយាយថា អ៊ុយក្រែននឹងត្រូវតបស្នងតម្លៃដ៏ធ្ងន់ធ្ងរ ប្រសិនបើហ៊ានវាយប្រហារលើគ្រីមៀ។ រីឯអតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បានព្រមានថា ទីក្រុងមូស្គូអាចនឹងឆ្លើយតប តាមរយៈការវាយប្រហារទ្រង់ទ្រាយធំ ដោយដាក់គោលដៅលើថ្នាក់ដឹកនាំរបស់អ៊ុយក្រែន ប្រសិនបើរឿងនោះពិតជាកើតឡើងមែន៕