(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីផ្នែកអវកាសរុស្ស៉ី បានជូនដំណឹងដល់សមភាគីអាមេរិកថា ទីក្រុងមូស្គូមានបំណងបន្តកិច្ចសហប្រតិបត្តិការ ក្នុងកម្មវិធីស្ថានីយអវកាសអន្តរជាតិ ISS រហូតទាល់តែដល់ពេលរុស្ស៉ី មានស្ថានីយអវកាសផ្ទាល់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធសប្តាហ៍នេះ ជាមួយ Reuters លោកស្រី ខេធី លូដឺស (Kathy Lueders) ប្រធានប្រតិបត្តិការអវកាសរបស់ ទីភ្នាក់ងារអវកាសអាមេរិក បានឱ្យដឹងថា កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ក្រុមមន្រ្តីរុស្ស៉ីបានប្រាប់ NASA ថា ទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូសខូសម៉ូស (Roscosmos) មានបំណងចង់បន្តក្នុងភាពជាដៃគូនៃស្ថានីយ ISS រហូតទាល់តែ ស្ថានីយផ្ទាល់ខ្លួនរបស់រុស្ស៉ី ដែលមានឈ្មោះ ROSS ត្រូវសម្រេចបានជាស្ថាពរ។

ដោយឡែកកាលពីថ្ងៃពុធដដែល Roscosmos ក៏បានចេញផ្សាយបទសម្ភាសន៍មួយ ជាមួយមន្រ្តីជាន់ខ្ពស់ផ្នែកអវកាសរុស្ស៉ី លោក វ៉្លាឌីមៀ សូឡូវយ៉ូវ (Vladimir Solovyov) ផងដែរ។ ក្នុងនោះលោក Solovyov បាននិយាយថា រុស្ស៉ីចាំបាច់ត្រូវតែបន្តសហការក្នុងកម្មវិធី ISS រហូតទាល់តែស្ថានីយ ROSS អាចធ្វើប្រតិបត្តិការបាន។ បើតាមការរំពឹងរបស់លោក Solovyov ស្ថានីយ ROSS នឹងត្រូវសាងសង់រួច នៅក្នុងទីអវកាស ខ្ទង់ឆ្នាំ២០២៨។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក យូរី បូរីសូវ (Yuri Borisov) ដែលជាអគ្គនាយកទើបតែងតាំងថ្មីៗ នៃទីភ្នាក់ងារអវកាស Roscosmos បានបង្កការភ្ញាក់ផ្អើលចំពោះ NASA តាមរយៈការប្រកាសថា ទីក្រុងមូស្គូមានបំណងដកខ្លួនចេញពី កម្មវិធីស្ថានីយអវកាសអន្តរជាតិ នៅក្រោយឆ្នាំ២០២៤៕