(ឡុងដ៍)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញក្តីរំពឹងថា លោក បូរីស ចនសុន (Boris Johnson) នៅតែបន្តស្ថិតនៅក្នុងតួនាទី នយោបាយជួរមុខ បើទោះជាលោកនឹងត្រូវលាលែងចេញពីតំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស នៅខែកញ្ញាខាងមុខនេះក៏ដោយ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍មួយទូរទស្សន៍អង់គ្លេស ថកស៍ ធីវី (TalkTV) ដែលបានចាក់ផ្សាយនៅថ្ងៃពុធសប្តាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគ្មាន តួនាទីអ្វីនៅក្នុងគោលនយោបាយរបស់អង់គ្លេសនោះទេ ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបាននៅពេលនេះ គឺលោក ចនសុន ជាមិត្តដ៏ល្អរបស់អ៊ុយក្រែន។ ខ្ញុំចង់ឲ្យលោក ចនសុន ស្ថិតនៅក្នុងឋានៈណាមួយជាអ្នកនយោបាយដដែល។ ខ្ញុំមិនចង់ឲ្យលោកចាកចេញតំណែងនេះទេ ប៉ុន្តែការសម្រេចចិត្តស្ថិតនៅលើដៃ របស់ប្រជាជនអង់គ្លេស»។

គួរបញ្ជាក់ថា ក្នុងបទសម្ភាសន៍ខាងលើនេះ លោក ហ្សេលេនស្គី ក៏បានបង្ហាញនូវក្តីសង្ឃឹមជាថ្មីដែរថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងយកគំរូតាម មេដឹកនាំលោកខាងលិចផ្សេងទៀត តួយ៉ាងដូចជាលោក ចនសុន ក្នុងការធ្វើដំណើរទស្សនកិច្ចមកកាន់ទីក្រុងកៀវ ដើម្បីបង្ហាញការគាំទ្រចំពោះអ៊ុយក្រែន៕