(ប៉េកាំង)៖ ចិន បានព្រមានជាថ្មីនៅថ្ងៃពុធសប្ដាហ៍នេះថាទីក្រុងវ៉ាស៊ីនតោននឹងត្រូវទទួលខុសត្រូវចំពោះផលវិបាកដែលអាចនឹងកើតឡើង ប្រសិន បើប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់។ នេះបើតាមការដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មានខ្លីមួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជៀន (Zhao Lijian) បានលើកឡើងដូច្នេះថា «យើងជំទាស់ ជាដាច់ខាតចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី មកកាន់កោះតៃវ៉ាន...ហើយប្រសិនបើដំណើរទស្សនកិច្ចកើតឡើងមែន នោះភាគីអាមេរិក នឹងត្រូវទទួលខុសត្រូវចំពោះផលវិបាកទាំងឡាយ»

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ លោកស្រី ផេឡូស៊ីផ្ទាល់មិនទាន់បញ្ជាក់ជាផ្លូវការថាតើលោកស្រីនឹងបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ឬក៏យ៉ាងណានោះទេ។ ប៉ុន្តែ កាលពីសប្ដាហ៍មុន ប្រធានសភាតំណាងរាស្ត្រអាមេរិករូបនេះបានបញ្ជាក់ថាវាពិតជាមានសារសំខាន់បំផុតសម្រាប់អាមេរិក ដែលត្រូវបង្ហាញការគាំទ្រដល់តៃវ៉ាន់៕