(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចក្នុងការប្រឈមមុខដោយយោធា ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងជើង បានព្រមានទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ពីលទ្ធភាពនៃការផ្ទុះសង្រ្គាមកូរ៉េ ជាលើកទី២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក គីម ជុងអ៊ុន ធ្វើឡើងក្នុងសុន្ទរកថាមួយនាឱកាសនៃការប្រារព្ធខួបលើកទី៦៩ នៃបទឈប់បាញ់សង្រ្គាមកូរ៉េ ថ្ងៃទី២៧ ខែកក្កដា ដែលនៅតែទុកឱ្យកូរ៉េទាំង២ជាលក្ខណៈបច្ចេកទេសនៅតែស្ថិតនៅក្នុងស្ថានភាពសង្រ្គាមនៅឡើយ។ តាមរយៈការដកស្រង់សម្ដី ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ដូច្នេះថា «ជាថ្មីម្ដងទៀត ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថាកូរ៉េខាងជើងត្រៀមខ្លួន ជាស្រេចដើម្បីប្រឈមមុខដោយយោធាជាមួយសហរដ្ឋអាមេរិក»

នៅក្នុងសុន្ទរកថានោះ លោក គីម ក៏បានថ្កោលទោសប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយុល (Yoon Suk-yeol) ផងដែរជាមួយការព្រមានថានឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងការប៉ុនប៉ងវាយប្រហារណាមួយលើកូរ៉េខាងជើង។

គួរបញ្ជាក់ថា កូរ៉េខាងជើង កាលពីប៉ុន្មានខែថ្មីៗនេះបានធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងមីស៊ីលល្បឿនលឿនជាងសំឡេង ខណៈក្រុម មន្ត្រីអាមេរិកជឿជាក់ថារបបដឹកនាំលោក គីម ជុងអ៊ុន អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧មក៕