(វ៉ាស៊ីនតោន)៖ វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោកបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើតេស្តអវិជ្ជមានឡើវិញ ចំពោះជំងឺកូវីដ១៩ បន្ទាប់ពីបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេលប្រាំថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។

លោកវេជ្ជបណ្ឌិត Kevin O'Connor បានឲ្យដឹងថា លោក បៃដិន បានធ្វើតេស្ដអង់ទីហ្សែនចំនួនពីរលើក។ លើកទី១ នៅល្ងាចថ្ងៃអង្គារ និងលើកទី២ នៅព្រឹកថ្ងៃពុធ ដោយលទ្ធផលគឺអវិជ្ជមានទាំងពីរ។

ទន្ទឹមគ្នានោះ លោកក៏បានបញ្ជាក់ផងដែរថា លោកប្រធានាធិបតីនឹងបន្តពាក់ម៉ាសរយៈពេល១០ថ្ងៃបន្ថែមទៀត ដើម្បីបង្ការការពារការរីករាលដាលនៃមេរោគ ហើយគាត់នឹងធ្វើតេស្តញឹកញាប់ដើម្បីរកមើលការកើតឡើងវិញនៃមេរោគ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅ សេតវិមានអាមេរិកបានប្រកាសថា លោក ចូ បៃដិន បានតេស្តវិជ្ជមានកូវីដ១៩ ខណៈដែលលោកបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ចំនួនពីរលើក ដោយលើកដំបូងក្នុងខែធ្នូ ឆ្នាំ២០២០ និងលើកទីពីរ នៅខែមករា ឆ្នាំ២០២១ ហើយបានទទួលការចាក់ដូសជំរុញថ្នាំ Pfizer ចំនួនពីរលើកផងដែរ គឺនៅក្នុងខែកញ្ញា ឆ្នាំ២០២១ និងខែមីនា ឆ្នាំ២០២២៕