(ប៉ារីស)៖ វិមានក្រឹមឡាំងបានប្តេជ្ញានៅថ្ងៃពុធនេះថា នឹងរឹតបន្តឹងបន្ថែមទៀតលើប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីតុលាការកំពូលរបស់សហភាពអឺរ៉ុបបានអនុម័តទណ្ឌកម្មមួយ ដែលឈានដល់ការបិទប៉ុស្តិ៍ព័ត៌មាន RT របស់ទីក្រុងម៉ូស្គូនៅទូទាំងទ្វីប។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។

តុលាការយុត្តិធម៌អ៊ឺរ៉ុប (ECJ) នៅប្រទេសលុចសំបួ បានច្រានចោលបណ្តឹងសាទុករបស់សារព័ត៌មាន RT នៅបារាំង ជុំវិញការហាមប្រាមការផ្សាយដែលជាផ្នែកមួយ នៃការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ។

តុលាការបានរកឃើញថា ប៉ុស្តិ៍ព័ត៌មាននេះ «បានគាំទ្រយ៉ាងសកម្ម» ដល់ការឈ្លានរបស់ទីក្រុងមូស្គូចំពោះអ៊ុយក្រែន និងបានផ្សាយការឃោសនាគាំទ្រសង្គ្រាម។ តុលាការបានសន្និដ្ឋានថា ការសម្រេចចិត្តរបស់ EU បែបនេះគឺមានស្របច្បាប់ និងសមាមាត្រ។

RT បានប្រកាសភ្លាមៗនូវការប្តឹងឧទ្ធរណ៍ ខណៈដែលវិមានក្រឹមឡាំងបាននិយាយថា ខ្លួននឹងចាត់វិធានការសងសឹក៕