(ឡុងដ៏)៖ លោក បូរីស ចនសុន (Boris Johnson) ដែលកំពុងស្ថិតក្នុងការលាលែងពីតំណែង ជានាយករដ្ឋមន្រ្តីអង់គ្លេស អាចនឹងក្លាយជាអគ្គលេខាធិការអង្គការណាតូ (NATO) បន្ទាប់ពីលោក ជេន ស្តូលធេនបឺគ (Jens Stoltenberg) ដែលនឹងត្រូវចាកចេញពីតំណែងនេះ នៅខែកញ្ញា ឆ្នាំក្រោយ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត ដេលី តេឡេក្រាហ្វ (Daily Telegraph) នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។

យោងតាមការចុះផ្សាយរបស់ Daily Telegraph បានឲ្យដឹងបន្ថែមថា ក្រុមសមាជិកជាន់ខ្ពស់នៃគណបក្សកាន់អំណាចអង់គ្លេស កំពុងគាំទ្រឲ្យលោក ចនសុន ក្លាយជាប្រមុខរបស់ NATO។ ដោយឡែកមុនលោក ចនសុន គឺកាលពីពេលកន្លងទៅ រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក បេន វ៉ាឡេស (Ben Wallace), អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី ថេរី សាម៉េ (Theresa May) និងលោក ដេវីត កាម៉េរូន (David Cameron) ក៏បានស្ថិតក្នុងការពិចារណាសម្រាប់តំណែងនេះផងដែរ។

គួរបញ្ជាក់ថា លោក បូរីស ចនសុន បានប្រកាសលាលែងពីតំណែង កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីរដ្ឋមន្រ្តីសំខាន់ៗរបស់អង់គ្លេស បានសុំលាលែងពីតំណែងជាបន្តបន្ទាប់។ បើតាម Daily Telegraph, មុខតំណែងអគ្គលេខាធិការអង្គការណាតូ គឺត្រូវបានផ្តល់ឱ្យមកអ្នកតំណាងរបស់អង់គ្លេសជាយូរមកហើយ ដោយសារតែការមិនទុកចិត្តរបស់សហរដ្ឋអាមេរិក ចំពោះអ្នកនយោបាយអឺរ៉ុប ដែលតែងតែប្រកាសម្តងហើយម្តងទៀត អំពីគម្រោងបង្កើតកងទ័ពសហភាពអឺរ៉ុបថ្មី៕