(បែរឡាំង)៖ ក្រុមហ៊ុនប្រតិបត្តិករបណ្តាញឧស្ម័នរបស់អាល្លឺម៉ង់ បានឱ្យដឹងនៅថ្ងៃពុធនេះថា ការផ្គត់ផ្គង់ឧស្ម័នរបស់ប្រទេសរុស្ស៉ី មកកាន់សហភាពអឺរ៉ុប (EU) តាមបំពង់បង្ហូរឧស្ម័ន Nord Stream 1 ត្រូវបានកាត់បន្ថយកាន់តែខ្លាំងថែមទៀត គឺចុះមកនៅត្រឹមតែខ្ទង់ ២០ភាគរយ នៃកម្រិតអតិបរមាប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនអាល្លឺម៉ង់ ហ្កាសស្កេដ (Gascade) គិតត្រឹមវេលាព្រឹកថ្ងៃពុធនេះ បរិមាណឧស្ម័នត្រឹមតែ ១.២៨លានម៉ែត្រគូបក្នុង១ម៉ោង ឬស្មើនឹងខ្ទង់២០ភាគរយប៉ុណ្ណោះ នៃសមត្ថភាពផ្គត់ផ្គង់ជាអតិបរមារបស់បំពង់ឧស្ម័ន Nord Stream ដែលបានហូរពីរុស្ស៉ីចូលមកអាល្លឺម៉ង់។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ក្រុមហ៊ុនថាមពលយក្សរបស់រុស្ស៉ី ហ្កាសប្រូម (Gazprom) បានប្រកាសពីការត្រៀមកាត់បន្ថយ ការផ្គត់ផ្គង់ឧស្ម័នប្រចាំថ្ងៃទៅកាន់អឺរ៉ុប តាមបំពង់ Nord Stream មកនៅមិនឱ្យលើសពី ៣៣លានម៉ែត្រគូបក្នុង១ថ្ងៃឡើយ ចាប់ពីថ្ងៃពុធនេះតទៅ។ មុនការកាត់បន្ថយនេះទៀតសោត លំហូរឧស្ម័នតាមបំពង់ Nord Stream គឺប្រព្រឹត្តទៅតែក្នុងកម្រិត ៤០ភាគរយ នៃសមត្ថភាពអតិបរមាប៉ុណ្ណោះ៕