(សេអ៊ូល)៖ នៅថ្ងៃពុធនេះ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃចំនួនលើស ១០០,០០០នាក់ ជាលើកដំបូងបំផុត គិតក្នុងកំលុងពេលជាង ៣ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។

ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺ KDCA បានរាយការណ៍ថា ករណីឆ្លងថ្មីៗនៃកូវីដ១៩ ចំនួន១០០,២៨៥នាក់ ក្នុងនោះ ៥៣២នាក់ ជាករណីមកពីក្រៅប្រទេស ត្រូវបានបូកបន្ថែមចូលទៅក្នុង តួលេខករណីឆ្លងសរុបនៅទូទាំងកូរ៉េខាងត្បូង ដែលធ្វើឱ្យតួលេខនេះកើនដល់ ១៩,៤៤៦,៩៤៦នាក់។

ចំនួនករណីឆ្លងប្រចាំថ្ងៃខាងលើ គឺជាតួលេខខ្ពស់បំផុត គិតចាប់តាំងពីចំនួនករណីឆ្លងប្រចាំថ្ងៃ ១១១,២៩១នាក់ ដែលត្រូវបានរាយការណ៍ កាលពីថ្ងៃទី២០ ខែមេសា។ តួលេខករណីឆ្លងថ្មីៗនៃកូវីដ១៩ នៅកូរ៉េខាងត្បូង បានបន្តលោតឡើងយ៉ាងរហ័ស ពីខ្ទង់ពាន់ទៅដល់ខ្ទង់ម៉ឺន តាំងតែពីចុងខែមិថុនាមក ស្របពេលដែលវីរុសអូមីក្រុង BA.5 រីករាលដាលកាន់តែខ្លាំង។

គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ កូរ៉េខាងត្បូងក៏បានរាយការណ៍ពីករណីអ្នកជំងឺស្លាប់ថ្មីៗ ចំនួន២៥នាក់ផងដែរ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបកើនដល់ ២៤,៩៣២នាក់៕