(វ៉ាស៉ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិក កំពុងបើកការស៊ើបអង្កេតលើសំណុំរឿងរបស់លោក ដូណាល់ ត្រាំ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេត បទឧក្រិដ្ឋមួយស្ដីពីការប៉ុនប៉ងរបស់អតីតប្រធានាធិបតីអាមេរិករូបនេះ ដើម្បីលុបចោលលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ ដែល បង្ហាញថាលោកចាញ់លោក ចូ បៃដិន។ នេះបើយោងតាមការដកស្រង់ផ្សាយពីកាសែត Washington Post នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។

Washington Post បានឱ្យដឹងថាក្រសួងយុត្តិធម៌អាមេរិក បានធ្វើការសាកសួរអតីតមន្ត្រីសេតវិមាន រួមទាំងអតីតប្រធានខុទ្ទកាល័យរបស់ អតីតអនុប្រធានាធិបតី លោក ម៉ៃក ផេន (Mike Pence) ដែលបានទទួលស្គាល់កាលពីថ្ងៃចន្ទសប្តាហ៍នេះថារូបលោកបានផ្តល់សក្ខីកម្មដល់ គណៈវិនិច្ឆ័យសហព័ន្ធ ដែលកំពុងស៊ើបអង្កេតលើការវាយប្រហារកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូលរបស់សហរដ្ឋអាមេរិក និងកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ រួមទាំងក្រុមមនុស្សជំនិតរបស់ ក្នុងការបដិសេធមិនទទួលយកលទ្ធផលបោះឆ្នោត។

បើតាមកាសែត Washington Post ក្រុមរដ្ឋអាជ្ញាកំពុងសាកសួរសាក្សីអំពីកិច្ចសន្ទនាគ្នារវាង លោក ត្រាំ និងមេធាវីរបស់លោកក៏ដូចជា អ្នកផ្សេងទៀតដែលជិតស្និទ្ធនឹងលោក ត្រាំ។

តែទោះជាយ៉ាងនេះក្ដី ក្រសួងយុត្តិធម៌អាមេរិកមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ ឆ្លើយតបទៅនឹងសេចក្តីរាយការណ៍របស់ Washington Post។ រីឯ អ្នកនាំពាក្យរបស់លោក ត្រាំ ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះដែរ ស្របពេលអតីតប្រធានាធិបតីរូបនេះធ្លាប់បានបដិសេធ មិនបានធ្វើខុស ដូចការចោទប្រកាន់នោះទេ៕