(កូឡុំបូ)៖ សមាជិកសភាមួយរូបរបស់ស្រីលង្កា បាននិយាយថានៅថ្ងៃអង្គារនេះថា អតីតប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ត្រូវបានគេរំពឹងថាអាចនឹងវិលត្រឡប់ចូលមកក្នុងប្រទេសវិញ ពីប្រទេសសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។

លោក រ៉ាចាប៉ាកសា បានភៀសខ្លួនចេញពីប្រទេស ក្រោយពីមានភាពចលាចលយ៉ាងសម្បើមអស្ចារ្យ ជុំវិញវិបត្តិសេដ្ឋកិច្ច ដោយបាតុករជាច្រើន ចោទថារូបលោកបានគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុរបស់ជាតិខុស ដែលនាំឱ្យតម្លៃទំនិញសំខាន់ៗកើនឡើង។

សមាជិកសភាស្រីលង្កា លោក បាន់ឌូឡា ហ្គូណាវ៉ាដេណា (Bandula Gunawardena) បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា លោក រ៉ាចាប៉ាកសា មិនមែនកំពុងសម្ងំលាក់ខ្លួននោះទេ ប៉ុន្តែកាលបរិច្ឆេទនៃការត្រឡប់ទៅកាន់ស្រីលង្កាវិញរបស់លោក មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

គួរបញ្ជាក់ថា លោក រ៉ាចាប៉ាកសា បានភៀសខ្លួនចេញពីប្រទេសស្រីលង្កានៅថ្ងៃទី១៣ ខែកក្កដា ទៅកាន់ប្រទេសម៉ាល់ឌីវ (Maldives) ហើយ ក្រោមមក លោកត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរីនៅថ្ងៃទី១៤ ខែកក្កដា។ រីឯខាងសិង្ហបុរីបានអះអាងថា អតីតប្រធានាធិបតីរូបនេះមិនបានស្នើសុំសិទ្ធិជ្រកកោននយោបាយឡើយ ខណៈក្រុមសកម្មជនស្រីលង្កា អំពាវនាវឱ្យអាជ្ញាធរសិង្ហបុរីចាប់ខ្លួន លោក រ៉ាចាប៉ាកសា៕