(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានអនុវត្តទោសប្រហារជីវិតលើបុរសម្នាក់ឈ្មោះ តូម៉ូហ៊ីរ៉ូ កាតូ (Tomohiro Kato) ដែលត្រូវបានតុលាការផ្តន្ទាទោស ប្រហារជីវិត ពាក់ព័ន្ធនឹងការសម្លាប់មនុស្ស៧នាក់ និងបង្កឱ្យ ១០នាក់ផ្សេងទៀត នៅក្នុងការវាយប្រហារដោយមិនរើសមុខមួយក្នុងស្រុក អាគីហាបារ៉ា (Akihabara) នៃទីក្រុងតូក្យូ កាលពីឆ្នាំ២០០៨។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Japantimes នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។

អ្នកទោសឈ្មោះ តូម៉ូហ៊ីរ៉ូ កាតូ ត្រូវបានតុលាការកំពូលជប៉ុនផ្ដន្ទាទោសប្រហារជីវិតកាលពីខែកុម្ភៈ ឆ្នាំ២០១៥។ បើតាមសាលក្រម កាតូ ដែលជាមនុស្ស គ្មានការងារច្បាស់លាស់ បានបើករថយន្ដមួយគ្រឿងបំបុកអ្នកថ្មើរជើងក្នុងស្រុក អាគីហាប៉ារ៉ា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០០៨ ដោយបានផ្ដាច់ជីវិត មនុស្ស ៣នាក់ និងរបួស ២នាក់។ ក្រោយមក ជននេះបានចុះពីលើរថយន្ដ ហើយចាក់សម្លាប់មនុស្ស ៤នាក់ទៀត និង៨នាក់រងរបួស។

គួរបញ្ជាក់ថា តុលាការកំពូលជប៉ុន បានច្រានចោលប្ដឹងឧទ្ធរណ៍របស់តូម៉ូហ៊ីរ៉ូ កាតូ ជំទាស់នឹងសាលក្រមសម្រេចរបស់តុលាការជាន់ទាប ដោយចាត់ទុក ទង្វើរបស់ជននេះមិនមានហេតុផលត្រូវលើកលែង ឬបន្ធូរបន្ថយទោសនោះទេ៕