(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តលើ ការបោះឆ្នោតតាមរបៀបវារៈអំពី «សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីប» ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់សភាទាំងពីរ ធ្វើការបោះឆ្នោតសម្រេចចិត្ត ចំពោះសេចក្តីព្រាងច្បាប់នេះ។ តាមការបែកធ្លាយរបស់ប្រព័ន្ធសារព័ត៌មានអាមេរិកឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះនឹងផ្តល់ប្រាក់ទុនលើសពី ៥ម៉ឺនលានដុល្លារអាមេរិក ដើម្បីជំរុញការអភិវឌ្ឍនៃមុខរបរវត្ថុពាក់កណ្ដាលចម្លង របស់អាមេរិក ក៏ដូចជាលើកទឹកចិត្តឱ្យសហគ្រាស កសាងរោងចក្រនៅសហរដ្ឋអាមេរិក។

ជាពិសេស ប្រព័ន្ធសារព័ត៌មានអាមេរិកបានកត់សម្គាល់ឃើញជាពិសេសថា សេចក្តីព្រាងច្បាប់នេះនឹងបង្កើតអ្វីដែលហៅថា «របាំងការពារ» សម្រាប់មុខរបរវត្ថុពាក់កណ្ដាលចម្លងរបស់អាមេរិក ដើម្បីដាក់កំហិតក្រុមហ៊ុនដែលទទួលបាន ប្រាក់ឧបត្ថម្ភកធនទៅវិនិយោគនៅប្រទេសចិន។

អាចឃើញថា សេចក្តីព្រាងច្បាប់នេះគឺមានបំណងសំដៅចំពោះប្រទេសចិន យ៉ាងច្បាស់ក្រឡែត។ តាមការពិត លោកស្រី Karine Jean-Pierre លេខាធិការព័ត៌មាននៃសេតវិមាន បានថ្លែងដោយមិនបិទបាំងថា វិធានការលើកទឹកចិត្តនេះគឺដើម្បី «បង្កើតការវិនិយោគកាន់តែច្រើនឡើងៗ ទៅលើរបរវត្ថុពាក់កណ្ដាលចម្លងនៅសហរដ្ឋអាមេរិក តែមិនមែននៅប្រទេសចិននោះទេ» ហើយថ្លែងថា «របាំងការពារ» នឹងមានអំណោយផលដល់ការបង្អន់ល្បឿន កើនឡើងនៃការវិនិយោគនៅចិន ហើយនេះគឺជាមូលហេតុ ដែលវាមានសារសំខាន់ក្នុងសេចក្តីព្រាងច្បាប់ដែរ។

និយាយត្រង់ៗអំពីការគាបសង្កត់ប្រទេសចិនបែបហ្នឹង វាអាចបង្ហាញថា គំនិតអនុត្តរភាពរបស់សហរដ្ឋអាមេរិក មានភាពស៊ីជម្រៅខ្លាំងណាស់។ តាមទិន្នន័យបង្ហាញឱ្យដឹងថា កាលពីឆ្នាំ១៩៩០ សហរដ្ឋអាមេរិកបានផលិតបន្ទះឈីបជិត ៤០ភាគរយលើទូទាំងពិភពលោក តែបច្ចុប្បន្ននេះសមាមាត្រនេះបានធ្លាក់ចុះមកនៅត្រឹមតែ ១២ភាគរយ។ កង្វះខាតបន្ទះឈីបអស់រយៈពេលពីរឆ្នាំ បណ្តាលឱ្យរោងចក្រផលិតរថយន្តជាច្រើន របស់សហរដ្ឋអាមេរិកបញ្ឈប់ផលិតកម្ម ហើយក៏បណ្តាលឱ្យ តម្លៃផលិតផលអេឡិចត្រូនិកមួយចំនួនឡើងថ្លៃ យ៉ាងខ្លាំងផងដែរ។

វិធីសាស្ត្រត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហានេះ គឺគោរពក្រឹត្យក្រមទីផ្សារ តែមិនមែនធ្វើការគំរាមកំហែងយ៉ាងកម្រោល ដូចអ្នកនយោបាយអាមេរិកនោះទេ ដែលបង្ខំឱ្យសហគ្រាសវត្ថុពាក់កណ្ដាលចម្លងជ្រើសរើស ការឈរនៅម្ខាងចិនឬសហរដ្ឋអាមេរិក។ តាមស្ថិតិនៃមជ្ឈដ្ឋានរបរវត្ថុពាក់កណ្ដាលចម្លងឱ្យដឹងថា ផលិតកម្មនៃបន្ទះឈីបជឿនលឿនមួយចំនួន បូករួមទាំងដំណាក់កាលផលិតជាង១ពាន់ ដែលត្រូវបានសម្រេចបន្ទាប់ពីធ្វើ កិច្ចសហប្រតិបត្តិការឆ្លងដែនលើសពី៧០លើក។

អ្នកនយោបាយអាមេរិកជំរុញ «ការផ្តាច់ទំនាក់ទំនង» ដោយចេតនា គឺល្មើសនឹងក្រឹត្យក្រមទីផ្សារយ៉ាងច្បាស់ ក៏ដូចជាបំផ្លាញស្ថិរភាពនៃ ខ្សែសង្វាក់ឧស្សាហកម្មសកលផងដែរ។ ការជ្រៀតជ្រែកខាងនយោបាយ មិនអាចកែប្រែបាននូវក្រឹត្យក្រមទីផ្សារនោះទេ ហើយ «ការផ្តាច់ទំនាក់ទំនងខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» ក៏មិនអាចរារាំងបាននូវការអភិវឌ្ឍរបស់ចិនផងដែរ។ តាមទិន្នន័យនៃទីភ្នាក់ងារសារព័ត៌មាន Bloomberg ឱ្យដឹងថា ក្នុងត្រីមាសចំនួនបួនចុងក្រោយនេះ ក្នុងចំណោមក្រុមហ៊ុនរបរបន្ទះឈីបចំនួន២០ ដែលកើនឡើងលឿនបំផុតលើពិភពលោក មានក្រុមហ៊ុន១៩មកពីប្រទេសចិន។

ការផ្សាយដំណឹងឱ្យដឹងថា ល្បឿនកើនឡើងនៃចំណូល នៃក្រុមហ៊ុនបន្ទះឈីបរបស់ចិនទាំងនេះ ត្រូវជាច្រើនដង នៃសហគ្រាសវត្ថុពាក់កណ្ដាលចម្លងដ៏ល្បីឈ្មោះ លើទូទាំងពិភពលោក ដូចជាក្រុមហ៊ុន ASML ជាដើម។

ក្នុងបរិបទនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច នាពេលបច្ចុប្បន្ននេះ ប្រសិនបើភាគីអាមេរិកបង្ខំឱ្យផ្ទេរ ឧស្សាហកម្មឬផ្តាច់ទំនាក់ទំនង នោះ មុខជានឹងបណ្តាលឱ្យការបែងចែក ខ្សែសង្វាក់ឧស្សាហកម្មលើទូទាំងពិភពលោក មានភាពច្របូកច្របល់ បង្កើនភាពតានតឹងនៃការផ្គត់ផ្គង់បន្ទះឈីប និងបន្ថែមបញ្ហាប្រឈមរបស់សហរដ្ឋអាមេរិក ជាក់ជាមិនខាន។

ដូច្នេះ អ្នកនយោបាយអាមេរិកកុំប៉ុនប៉ងប្រើកលល្បិច គួរតែធ្វើកិច្ចការដែលមានអំណោយផលដល់ ការគាំពារស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ឱ្យបានកាន់តែច្រើន៕

វិទ្យុមិត្តភាពកម្ពុជាចិន