(សិង្ហបុរី)៖ ការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៉ីអាគ្នេយ៍ បានអំពាវនាវដល់បណ្តាប្រទេសនានា ឲ្យពង្រឹងការតាមដាន និងដាក់ចេញនូវិធានការសុខភាពសាធារណៈ ចំពោះបញ្ហានៃការរីករាលដាលជំងឺអុតស្វា (monkeypox) ដែល WHO ទើបនឹងបានប្រកាសភាពអាសន្នផ្នែកសុខភាពសាធារណៈសកល នាពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ នាយក WHO ប្រចាំតំបន់អាស៉ីអាគ្នេយ៍ លោកស្រីវេជ្ជបណ្ឌិត ពូណាម ខេត្រាប៉ាល ស៉ីញ (Poonam Khetrapal Singh) បានស្នើឲ្យមានការបង្កើនការស្រាវជ្រាវវ៉ាក់សាំង រួមទាំងការពារ និងគ្រប់គ្រងការឆ្លងមេរោគ នៅតាមមន្ទីរពេទ្យ ឬគ្លីនិក ជាដើម។

យោងតាម ការិយាល័យអង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៉ីអាគ្នេយ៍ ជំងឺអុតស្វាចំនួន ៤ករណី ត្រូវបានរកឃើញ ដែលក្នុងនោះមកពីប្រទេសឥណ្ឌាចំនួន ៣ករណី និងប្រទេសថៃចំនួន ១ករណី ខណៈប្រទេសចំនួន ៩ផ្សេងទៀត មានដូចជា បង់ក្លាដែស, ប៊ូតង់, កូរ៉េខាងជើង, ឥណ្ឌូណេស៉ី, ម៉ាល់ឌីវ, មីយ៉ាន់ម៉ា, នេប៉ាល់, ស្រីលង្កា និងទីម័រខាងកើត ក៏ត្រូវបានចាត់ថ្នាក់ជា ក្រុមឲ្យស្ថិតក្រោមការតាមដានរបស់ការិយាល័យ WHO ប្រចាំតំបន់អាស៉ីអាគ្នេយ៍ ជុំវិញស្ថានការណ៍វិវត្តន៍នៃជំងឺនេះផងដែរ។

គួរបញ្ជាក់ថា សម្រាប់ប្រទេសសិង្ហបុរី ដែលបានរាយការណ៍ពីជំងឺអុតស្វា ចំនួន៨ករណី ចាប់តាំងពីខែមិថុនាមក គឺត្រូវបានចាត់ថ្នាក់ឲ្យស្ថិតក្រោមការតាមដាន របស់ការិយាល័យអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៉ីហ្វិកខាងលិច។ រហូតមកដល់ពេលនេះ ជំងឺអុតស្វា ត្រូវបានរកឃើញជាង ១៦,០០០ករណី នៅក្នុង៧៥ប្រទេស ទូទាំងពិភពលោក៕