(តូក្យូ)៖ អនុប្រធានលេខាធិការដ្ឋានគណៈរដ្ឋមន្រ្តីជប៉ុន លោក អ៉ីសូហ្សាគី យ៉ូស៉ីហ៉ីកូ (Isozaki Yoshihiko) នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានជូនដំណឹងជាផ្លូវការ អំពីការប្រារព្ធពិធីបុណ្យសពថ្នាក់ជាតិ សម្រាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៉ីនហ្សូ ដល់បណ្តាប្រទេសទាំងអស់ ដែលទីក្រុងតូក្យូមានទំនាក់ទំនងការទូតជាមួយ ក្នុងនោះរួមទាំងរុស្ស៉ីផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។

ការប្រកាសឱ្យដឹងខាងលើពីសំណាក់លោក អ៉ីសូហ្សាគី ធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន សានកី (Sankei) បានរាយការណ៍កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនថា រដ្ឋាភិបាលជប៉ុនទំនងជានឹងមិនអនុញ្ញាតឱ្យ ប្រមុខរដ្ឋរបស់ប្រទេសរុស្ស៉ី គឺលោក វ៉្លាឌីមៀ ពូទីន ចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ដែលត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៧ ខែកញ្ញា នោះឡើយ។

គួរបញ្ជាក់ថា លោក អាបេ ដែលជាអតីតនាយករដ្ឋមន្រ្តីជប៉ុន កាន់អំណាចយូរបំផុត ត្រូវបានឃាតកបាញ់សម្លាប់ ក្នុងអាយុ៦៧ឆ្នាំ ពេលកំពុងថ្លែងសុន្ទរកថា នៅឯទីក្រុងណារ៉ា (Nara) ភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃទី៨ ខែកក្កដា។ មរណភាពរបស់លោក បានធ្វើឱ្យអន្តរជាតិមានការភ្ញាក់ផ្អើល និងចូលរួមសោកស្តាយជាខ្លាំង៕