(សេអ៊ូល)៖ ក្រុមឧទ្ធម្ភាគចក្រប្រយុទ្ធ អាផាឆេ (Apache) របស់យោធាអាមេរិក ដែលឈរជើងនៅក្នុងកូរ៉េខាងត្បូង បាននិងកំពុងធ្វើសមយុទ្ធបាញ់កាំភ្លើងយន្ត មីស៉ីល និងរ៉ុក្កែតដោយគ្រាប់ពិតៗជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩ មក ខណៈសម្ព័ន្ធមិត្តទាំងពីរ កំពុងបង្កើនការធ្វើលំហាត់យោធា ចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។

យោធាអាមេរិកបានឱ្យដឹងថា ការហ្វឹកហ្វឺនបានបន្តឡើងវិញ នៅកន្លែងហាត់សមបាញ់គ្រាប់ពិត រ៉ូឌ្រីហ្កេស ដែលស្ថិតនៅក្បែរនឹងតំបន់គ្មានយោធា DMZ ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។ រយៈពេលមួយសប្តាហ៍មកនេះ ក្រុមឧទ្ធម្ភាគចក្រ AH-64E v6 Apache បានហ្វឹកហ្វឺនទាំងកំលុងពេលថ្ងៃនិងយប់ លើការបាញ់គ្រាប់មីស៉ីល AGM-114 Hellfire, គ្រាប់រ៉ុក្កែត Hydra 70, និងកាំភ្លើងយន្តប្រភេទ ៣០មីលីម៉ែត្រ។

គួរបញ្ជាក់ថា ការបាញ់គ្រាប់ពិតខាងលើធ្វើឡើង ស្របពេលដែលអាមេរិកនិងកូរ៉េខាងត្បូង បានប្រកាសថា ពួកគេនឹងបន្តការហ្វឹកហ្វឺន នៅតាមទីលានជាក់ស្តែងឡើងវិញ កំលុងពេលធ្វើលំហាត់យោធារួមគ្នា បន្ទាប់ពីត្រូវបានកាត់បន្ថយ អស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ដោយសារតែបញ្ហាកូវីដ១៩ផង និងដោយសារតែកិច្ចប្រឹងប្រែង ដើម្បីបន្ធូរភាពតានតឹងជាមួយកូរ៉េខាងជើងផង។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) ដែលបានឡើងកាន់អំណាច កាលពីខែឧសភាកន្លងទៅ បានប្តេជ្ញាថានឹងធ្វើឱ្យការធ្វើសមយុទ្ធរួមគ្នា ជាមួយសហរដ្ឋអាមេរិក វិលទៅរកប្រក្រតីភាពដូចដើមវិញ ព្រមទាំងបង្កើនសមត្ថភាពការពារខ្លួន ប្រឆាំងនឹងកូរ៉េខាងជើង៕