(ស៉ីដនី)៖ ទិន្នន័យផ្លូវការបានបង្ហាញថា ចំនូនប្រជាជនអូស្រ្តាលី ដែលចូលសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ បានកើនឡើងដល់ ៥,៤៥០នាក់ នៅថ្ងៃចន្ទនេះ ដែលជាកំណត់ត្រាថ្មីមួយ ដោយសារតែការរីករាលដាល នៃមេរោគអូមីក្រុង (Omicron) ប្រភេទថ្មីៗ ដែលមានលទ្ធភាពចម្លងខ្លាំង ហើយប្រការនេះបានដាក់សម្ពាធជាខ្លាំង ដល់ប្រព័ន្ធសុខាភិបាល ទូទាំងប្រទេសអូស្រ្តាលី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។

តួលេខខាងលើបានកើនឡើង ចាប់តាំងពីចុងខែមិថុនាមក ដោយសារមេរោគអូមីក្រុង ប្រភេទ BA.4 និង BA.5 បានរីករាលដាលខ្លាំង។ វាគឺជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីការលេចឡើងនៃកូវីដ១៩ ហើយលើសពីកម្រិតនៃឆ្លងកាលពីខែមករា ឆ្នាំ២០២២ គឺ៥,៣៩០ករណី កំលុងរលកឆ្លងរាលដាលដំបូង នៃមេរោគអូមីក្រុង។ រីឯចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ក៏បានកើនឡើងផងដែរ គឺដល់ចំនួន ១០០នាក់ ជាលើកដំបូង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

រដ្ឋាភិបាលអូស្រ្តាលី បានឲ្យដឹងថា កន្លែងស្នាក់សម្រាប់និវត្តន៍ជនជាង ១,០០០ខ្នង បានទទួលរងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ខណៈជនវ័យចំណាស់ គឺជាក្រុមបុគ្គលដែលប្រឈមហានិភ័យខ្ពស់។ លោក រីឆាដ ម៉ាឡេស (Richard Marles) រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី បាននិយាយថា ខណៈដែលមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជាច្រើនខ្វះខាតបុគ្គលិក, ការគាំទ្ររបស់បុគ្គលិកវិស័យការពារជាតិ សម្រាប់ផ្នែកសុខាភិបាល នឹងតែនៅបន្តរហូតដល់ចុងខែកញ្ញា។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលនៃរដូវរងារដ៏អាក្រក់ ដែលមានទាំងជំងឺកូវីដ ១៩ និងជំងឺគ្រុនផ្តាសាយកំពុងចរាចរនោះ អាជ្ញាធរអូស្រ្តាលី បានផ្តល់អនុសាសន៍ដល់ប្រជាជន ឲ្យពាក់ម៉ាស់ក្នុងផ្ទះ និងទៅទទួលការចាក់វ៉ាក់សាំងជាបន្ទាន់ ព្រមទាំងណែនាំដល់ក្រុមហ៊ុនមួយចំនួន ឱ្យអនុញ្ញាតបុគ្គលិកធ្វើការពីផ្ទះ។ បើទោះបីជា អូស្រ្តាលីស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាចាក់វ៉ាក់សាំងកម្រិតខ្ពស់ក្តី ប៉ុន្តែតួលេខនៃអ្នកឆ្លងកូវីដ ១៩ របស់ប្រទេសនេះ គឺសរុបមានប្រហែល ៩.១៣ លាននាក់ ហើយមានអ្នកស្លាប់សរុបចំនួន ១១,១៨១នាក់៕