(ហុងកុង)៖ ចំនួនប្រជាជនចិន មានកំណើនយឺតយ៉ាវគួរឱ្យកត់សម្គាល់ ហើយត្រូវបានរំពឹងថានឹងចាប់ផ្ដើមថយចុះនៅមុនឆ្នាំ២០២៥។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មានរដ្ឋចិន Global Times នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។

សារព័ត៌មានរដ្ឋចិន Global Times ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពបានមកពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ចិនម្នាក់ និងរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ បើតាមរបាយការណ៍នេះដដែល ចំនួនទារកចាប់កំណើត ក្នុងឆ្នាំ២០២១ មានកម្រិតទាបបំផុតមួយមិនធ្លាប់មាន ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ នៅតាមខេត្តជាច្រើនក្នុងប្រទេសចិន។

ចំនួនទារកចាប់កំណើតក្នុងខេត្តហូណាន (Hunan) មានទាបជាង ៥០០,០០០នាក់ជាលើកដំបូង ក្នុងរយៈពេលជាង៦០ឆ្នាំមកនេះ ហើយ ក្នុងចំណោមខេត្តរបស់ចិន មានតែខេត្តក្វាងទុង (Guangdong) តែមួយគត់ដែលមានទារកចាប់កំណើតច្រើនជាង ១លាននាក់។

គួរបញ្ជាក់ថា ចិន កំពុងប្រឈមមុខនឹងការថយចុះនៃចំនួនប្រជាជន ខណៈយុវជនចិនភាគច្រើនចាប់ផ្ដើមជ្រើសរើសយកជម្រើសមិនមាន កូន ដោយសារកត្តាមួយចំនួន ក្នុងនោះរួមមានការចាយវាយខ្ពស់ និងសម្ពាធការងារជាដើម៕