(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានរិះគន់សហរដ្ឋអាមេរិក ចំពោះការព្រួយបារម្ភមិនសមហេតុផល ជុំវិញទំនាក់ទំនងរុស្ស៉ី-អាហ្រិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២។

ការរិះគន់នេះធ្វើឡើងនៅទីក្រុងគែរ បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីអេហ្ស៊ីបកាលពីថ្ងៃអាទិត្យ ដោយចាត់ទុកការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ជុំវិញទំនាក់ទំនងរុស៉ី-អាហ្វ្រិក គឺជារឿងមិនសមហេតុផល។

សារព័ត៌មាន RIA រាយការណ៍ថា ជំនួបអ្នកការទូតកំពូលនៃប្រទេសទាំងពីរក៏បានពិភាក្សា អំពីជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន និងវិបត្តិគ្រាប់ធញ្ញជាតិដែលកំពុងប៉ះពាល់ដល់ទ្វីបអាហ្រ្វិកផងដែរ។

គួរបញ្ជាក់ថារដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បានចាប់បំពេញដំណើរទស្សនកិច្ចមួយជុំតំបន់អាហ្វ្រិក ដោយចាប់ផ្ដើមមុនគេនៅប្រទេស អេហ្ស៉ីប នៅថ្ងៃអាទិត្យនេះ ខណៈទីក្រុងមូស្គូ កំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសដែលមិនមែនជាសម្ព័ន្ធមិត្តរបស់ លោកខាងលិច ដើម្បីទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ច។

ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក សហរដ្ឋអាមេរិកទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សម្ព័ន្ធមិត្តលោកខាងលិច នៅក្នុងកិច្ចខិតខំប្រឹងប្រែងជួយគាំទ្រទីក្រុងកៀវ ដើម្បីប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៉ី។ ប៉ុន្តែបណ្ដាប្រទេសភាគច្រើនក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា មិនបានចូលរួម ឬក៏ចាប់អារម្មណ៍ចូលរួមជាមួយលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៉ីឡើយ៕