(ប៉េកាំង)៖ តំណាងប្រទេសតួកគី រុស្ស៊ី អ៊ុយក្រែន និងអង្គការសហប្រជាជាតិបានប្រារព្ធ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី បញ្ហានាំចេញផលិតផលកសិកម្មពីកំពង់ផែសមុទ្រខ្មៅ នៅទីក្រុងអ៊ីស្តង់ប៊ុលដែលជាទីក្រុងធំបំផុត នៃប្រទេសតួកគី កាលពីថ្ងៃទី ២២ខែកក្កដា។

សូមបញ្ជាក់ថា ខ្លឹមសារនៃកិច្ចព្រមព្រៀងរួមមាន៖ បង្កើតមជ្ឈមណ្ឌលសម្របសម្រួលរួមនៅក្រុងអ៊ីស្តង់ប៊ុល និងធានាឱ្យមានសុវត្ថិភាពនៃការដឹកជញ្ជូនស្បៀងអាហារ ភាគីទាំងពីររុស្ស៊ីនិងអ៊ុយក្រែនយល់ព្រមថា នឹងមិនវាយប្រហារលើកប៉ាល់ដឹកកសិផលរបស់ភាគីម្ខាងទេ ហើយមជ្ឈមណ្ឌលសម្របសម្រួលរួមនៅអ៊ីស្តង់ប៊ុល នឹងត្រូវបានគ្រប់គ្រងដោយតំណាង ដែលចាត់ចែងដោយភាគីទាំងពីរ ដើម្បីរួមគ្នាគ្រប់គ្រងនាវាដែលចេញចូលពីកំពង់ផែ។ កំពង់ផែអ៊ុយក្រែនចំនួនបី រួមមានទាំងកំពង់ផែ Odessa នឹងចាប់ផ្តើមនាំចេញស្បៀង និងជីគីមីជាដើម។

ទាក់ទិននឹងរឿងនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ កាលពីថ្ងៃទី ២២ ខែកក្កដាថា ប្រទេសចិនស្វាគមន៍ចំពោះ ការដែលរុស្ស៊ីនិងអ៊ុយក្រែនក្នុងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនាំចេញស្បៀងរបស់អ៊ុយក្រែន។ សង្ឃឹមថា ភាគីពាក់ព័ន្ធនឹងរក្សាការសន្ទនានិងការចរចា ហើយបង្កើតលក្ខខណ្ឌសម្រាប់ការបញ្ចប់វិបត្តិ និងការសម្រេចបាននូវសន្តិភាពក្នុងពេលឆាប់ៗ៕

វិទ្យុមិត្តភាពកម្ពុជាចិន