(កៀវ)៖ គណៈប្រតិភូជាន់ខ្ពស់មួយនៃសភាអាមេរិក បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅទីក្រុងកៀវ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ហើយបានសន្យាថានឹងព្យាយាមធានាឱ្យបាន នូវការបន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២។

គណៈប្រតិភូខាងលើ ដែលមានរួមមានវត្តមានលោក អាដាំ ស្ម៉ីត (Adam Smith) ប្រធានគណៈកម្មាធិការ ទទួលបន្ទុកវិស័យការពារជាតិ នៃសភាតំណាងរាស្រ្តអាមេរិក បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួននៅ ជុំវិញពិភពលោក បានឈរយ៉ាងរឹងមាំជាមួយអ៊ុយក្រែន តាមរយៈការផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច យោធា និងមនុស្សធម៌»

សេចក្តីថ្លែងការណ៍បានបន្តទៀតថា «យើងនឹងបន្តរិះរកមធ្យោបាយ ដើម្បីផ្តល់ការជ្រោមជ្រែង ដល់លោកប្រធានាធិបតី ហ្សេលេនស្គី និង ប្រជាជនអ៊ុយក្រែន ប្រកបដោយប្រសិទ្ធភាពតាមធ្វើទៅបាន ស្របពេលដែលពួកគេកំពុងបន្តតស៊ូជម្នះ យ៉ាងអង់អាចក្លាហាន»។ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រមុខការពារជាតិអាមេរិក បានប្រកាសថា ទីក្រុងវ៉ាស៉ីនតោន នឹងបញ្ជូនប្រព័ន្ធបាញ់ផ្លោងគ្រាប់រ៉ុក្កែត ៤គ្រឿងទៀត ឱ្យអ៊ុយក្រែន ដែលធ្វើឱ្យចំនួនសរុបកើនដល់ ១៦គ្រឿង។

គួរបញ្ជាក់ សម្រាប់សេចក្តីថ្លែងការណ៍ របស់ប្រតិភូអាមេរិកវិញ គឺមិនមានការលើកឡើងចំៗណាមួយ អំពីការប្រគល់សព្វាវុធឡើយ។ ប៉ុន្តែដាច់ដោយឡែក លោក Smith ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបស្រង់សំដីថា ទីក្រុងវ៉ាស៉ីនតោននិងសម្ព័ន្ធមិត្ត ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត បន្ថែមទៀតដល់ទីក្រុងកៀវ៕