(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសៅរ៍នេះ បានប្រកាសអាសន្នជាសកល នូវការផ្ទុះឡើងនៃជំងឺអុតស្វា ដជាការសម្រេចចិត្តដែលគូសបញ្ជាក់ពីការព្រួយបារម្ភ អំពីការរីករាលដាលយ៉ាងឆាប់រហ័សនៃការឆ្លងមេរោគនេះ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត វ៉ាស៉ីនតោន ប៉ុស្ត (The Washington Post) នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។

ការសម្រេចប្រកាសអាសន្នផ្នែកសុខភាពសាធារណៈជាសកលខាងលើនេះ ត្រូវបានគេរំពឹងថានឹងមានការបង្កើតមូលនិធិថ្មី និងដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលឱ្យចាត់វិធានការការពារ និងទប់ស្កាត់ ខណៈដែលករណីច្រើនជាង ១៦,៥០០ ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសចំនួន ៧៥។

ប្រមុខ WHO លោក តេដ្រូស អាដាណម ហ្គេប្រយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃសៅរ៍នេះយ៉ាដូច្នេះថា «និយាយឱ្យខ្លី, រោគរាតត្បាតដែលបាននឹងកំពុងរីករាលដាលនៅជុំវិញពិភពលោកយ៉ាងឆាប់រហ័ស យើងយល់តិចតួចពេកអំពីបញ្ហានៃជំងឺនេះ»។

គួរបញ្ជាក់ថា ជំងឺអុតស្វា ឬ Monkeypox បានរីករាលដាលពាសពេញពិភពលោក ក្នុងអត្រាដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលពីរខែចុងក្រោយនេះ។ ជំងឺនេះ មានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ និងកន្ទួលពាសពេញរាងកាយ ដោយកើតមានអស់ជាច្រើនទសវត្សរ៍មកហើយ និងជាជំងឺរាតត្បាតនៅក្នុងផ្នែកខ្លះនៃទ្វីបអាហ្រ្វិក។ ប៉ុន្តែការឆ្លងក្នុងអំឡុងពេលការផ្ទុះឡើងចុងក្រោយបង្អស់បានកើនឡើងនៅក្នុងប្រទេស ដែលមិនធ្លាប់មានពីមុនមក៕