(ប៉េកាំង)៖ អាជ្ញាធរតំបន់ស៊ីនជាំង (Xinjiang) របស់ប្រទេសចិន នៅថ្ងៃសៅរ៍នេះ បានព្រមានអំពីគ្រោះទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី រួមទាំងហានិភ័យចំពោះវិស័យកសិកម្ម ដោយសារតែរលកកំដៅដែលកើតមានទូទាំងតំបន់ នាំឲ្យបង្កើនល្បឿននៃការរលាយទឹកកក ហើយបង្កគ្រោះថ្នាក់ដល់ការផលិតកប្បាសដ៏ធំនៃតំបន់មួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។

លោកស្រី ចិន ឈុនយ័ន (Chen Chunyan) ប្រធានក្រុមអ្នកជំនាញសង្កេតការណ៍ឧតុនិយម នៃតំបន់ Xinjiang បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា រលកកំដៅចុងក្រោយបំផុតគឺមានរយៈពេលយូរ និងមានការរាលដាលខ្លាំង។ រីឯអាកាសធាតុក្តៅខ្លាំងកើតមាន នៅភាគខាងត្បូង និងភាគខាងកើតនៃតំបន់ ដែលមានកម្តៅក្តៅជាងពីរដងនៃសីតុណ្ហភាពក្នុងប្រទេសបារាំង ហើយបានអូសបន្លាយរយៈពេលប្រហែល១០ថ្ងៃ មកហើយ។

លោកស្រី ចិន បញ្ជាក់ថា សីតុណ្ហភាពខ្ពស់បន្តបែបនេះ បានបង្កើនល្បឿននៃការរលាយទឹកកកនៅឯតំបន់ភ្នំ ហើយអាចបណ្តាលឱ្យមានគ្រោះមហន្តរាយធម្មជាតិដូចជា ទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី និងការបាក់ដីនៅទីកន្លែងជាច្រើន។

គួរបញ្ជាក់ថា ប្រទេសចិនបានរងគ្រោះដោយរលកកំដៅ ក្នុងរដូវក្តៅលើសពីធម្មតា ចាប់តាំងពីខែមិថុនា មក។ អាកាសធាតុក្តៅខ្លាំងពេកបានជំរុញឱ្យមានតម្រូវការអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងផ្ទះ ការិយាល័យ និងរោងចក្រ ជាដើម ខណៈដែលគ្រោះរាំងស្ងួតនេះក្លាយជាក្តីកង្វល់ដ៏ធំសម្រាប់តំបន់កសិកម្ម៕