(វ៉ាស៊ីនតោន)៖ អាជ្ញាធរសុខាភិបាល នៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអុតស្វា (monkeypox) លើ ខ្លួនកុមារជាលើកដំបូង ដោយក្នុងនោះមានម្នាក់រស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា និងម្នាក់ទៀត មិនមែនជាអ្នកតាំងទីលំនៅអចិន្ត្រៃយ៍ក្នុងសហរដ្ឋអាមេរិក ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។

បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង CDC របស់សហរដ្ឋអាមេរិក ករណីឆ្លងទាំង២ខាងលើ មិនមានជាប់ពាក់ព័ន្ធនឹងគ្នានោះទេ ហើយវាទំនងជា ករណីឆ្លងនៅក្នុងស្រុក។ CDC បន្ថែមទៀតថាកុមារទាំង២នាក់ មានសុខភាពល្អធម្មតា និងកំពុងទទួលការព្យាបាល។

គិតមកទល់នឹងបច្ចុប្បន្ន ជំងឺអុតស្វាដែលមានរោគសញ្ញាគ្រុនក្ដៅ មានកន្ទួលរមាស់ ឬមានពងបែកនៅលើស្បែក ត្រូវបានគេរកឃើញច្រើនជាង ១៤,០០០ករណី នៅក្នុងប្រទេសជាង ៦០ នៅជុំវិញពិភពលោក ក្នុងនោះមាន៥នាក់ស្លាប់នៅតំបន់អាហ្វ្រិក ខណៈនៅសហរដ្ឋអាមេរិកជំងឺនេះត្រូវបានគេ រាយការណ៍ថា មានជាង ២,៨៩១ករណី៕