(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោក ចន ឃឺប៊ី (John Kirby) បានឱ្យដឹងថាទីក្រុងវ៉ាស៊ីនតោន កំពុងសិក្សាពីជម្រើសថាតើគួរ ឬមិនគួរបញ្ជួន យន្ដហោះចម្បាំងផលិតដោយសហរដ្ឋអាមេរិក ទៅឱ្យអ៊ុយក្រែន ខណៈសង្រ្គាមជាមួយរុស្ស៉ីឈានចូលខែទី៥ ហើយការវាយប្រហារក្នុងតំបន់ភាគខាងកើត កាន់តែសាហាវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។

លោក ចន ឃឺប៊ី ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន នៅឯសេតវិមានកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ជាមួយការទទួលស្គាល់ដែរថាការសម្រេចចិត្ត ពាក់ព័ន្ធនឹងការបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន មិនអាចធ្វើឡើងភ្លាមៗ ឬក្នុងពេលដ៏ខ្លីខាងមុខនោះទេ។ ថ្លែងនាឱកាសនោះ អ្នកនាំពាក្យរូបនេះក៏បាន ប្រកាសផងដែរពីកញ្ចប់ជំនួយអាវុធមានទំហំទឹកប្រាក់ ២៧០លានដុល្លារបន្ថែមឱ្យអ៊ុយក្រែន ដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី ក្នុងនោះរួមមាន ១០០លានដុល្លារសម្រាប់យន្ដហោះដ្រូន។

គួរបញ្ជាក់ថា ការសម្រេចចិត្តបញ្ជូនយន្ដហោះចម្បាំងណាមួយឱ្យអ៊ុយក្រែន មានន័យថាសហរដ្ឋអាមេរិក នឹងត្រូវបង្កើនកញ្ចប់ជំនួយយោធាដ៏ធំសម្បើមមួយ ខណៈមកទល់នឹងពេលនេះ អាមេរិកបានផ្ដល់ជំនួយយោធាជាង ៨.២ពាន់លានដុល្លារហើយដល់ទីក្រុងកៀវ៕