(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា (Prayuth Chan-ocha) នៅថ្ងៃសៅរ៍នេះបានរួចខ្លួនសារជាថ្មីពីការបោះឆ្នោតដកសេចក្ដីទុកចិត្ត នៅក្នុងសភាជាតិ ដែលនេះគឺជាការធ្វើតេស្ដដ៏ធំលើកចុងក្រោយមួយសម្រាប់លោក នៅមុនការបោះឆ្នោតសកលចូលមកដល់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។

លោក ប្រាយុទ្ធ មានអាយុ៦៨ឆ្នាំ និងជាអតីតប្រមុខយោធាថៃ ដែលបានកាន់អំណាចក្រោយរដ្ឋប្រហារឆ្នាំ២០១៤មក បានទទួលការគាំទ្រនៅក្នុងបោះឆ្នោត ដែលនេះអាចធានាបានថាលោកនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី រហូតដល់អាណត្តិរបស់លោកអស់សុពលភាពនៅខែមីនា ឆ្នាំ២០២៣។ នៅក្នុងការ បោះឆ្នោតនៅឯសភាជាតិ លោក ប្រាយុទ្ធ ទទួលបានសំឡេងគាំទ្រ២៥៦ ទល់នឹង២០៦សំឡេងជំទាស់ ហើយ៩សំឡេងអនុបវាទ ខណៈដើម្បីអាចបណ្ដេញ លោក ប្រាយុទ្ធ ពីតំណែង គណបក្សប្រឆាំងថៃចាំបាច់ត្រូវការសំឡេងគាំទ្រច្រើនជាង ២៣៩សំឡេង ក្នុងចំណោមសមាជិកសភាទាំង៤៧៧រូប។

គួរបញ្ជាក់ថា នេះគឺជាលើកទី៤ហើយ ដែលលោក ប្រាយុទ្ធ ចាន់អូចា រួចខ្លួនពីការបោះឆ្នោតដកសេចក្ដីទុកចិត្ត ចាប់តាំងពីលោកត្រូវបានសភាជ្រើសតាំងជា នាយករដ្ឋមន្ត្រីថៃ ក្នុងឆ្នាំ២០១៩ នៅក្រោយការបោះឆ្នោតមួយដែលគណបក្សប្រឆាំងចោទថារៀបចំឡើងដើម្បីឱ្យលោក ប្រាយុទ្ធ អង្គុយកៅជានាយករដ្ឋមន្ត្រី។ ប៉ុន្តែ លោក បា្រយុទ្ធផ្ទាល់បានច្រានចោលការអះអាងបែបនេះ៕