(រ៉ូម)៖ ការិយាល័យប្រធានាធិបតីអ៉ីតាលី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសអ៉ីតាលីនឹងរៀបចំ ការបោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី២៥ ខែកញ្ញា បន្ទាប់ពីការលាលែងពីតំណែង របស់នាយករដ្ឋមន្រ្តីលោក ម៉ារីអូ ដ្រាហ្គី (Mario Draghi) និងការរំលាយសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។

ប្រធានាធិបតីអ៉ីតាលី លោក សឺជីអូ ម៉ាត់តារែលឡា (Sergio Mattarella) បានប្រកាសរំលាយសភាទាំង២ជាន់ថ្នាក់ កាលពីរសៀលថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយល់ព្រមទទួលយក ការលាលែងពីតំណែងរបស់លោក ដ្រាហ្គី។ លោក ម៉ាត់តារែលឡា បានគូសបញ្ជាក់ថា ការរំលាយសភាមុនពេលកំណត់ តែងតែជាជម្រើសចុងក្រោយ ប៉ុន្តែវាបានក្លាយជារឿងចាំបាច់នាពេលនេះ។

ការចុះចេញពីតំណែងរបស់លោក ដ្រាហ្គី បានបិទបញ្ចប់នូវរដ្ឋាភិបាលរួបរួមជាតិរបស់លោក ដែលត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការគាំទ្រពីក្រុមគណបក្សចម្រុះដ៏ទូលំទូលាយ។ ការសម្រេចចិត្តលាលែងរបស់លោក ធ្វើឡើងបន្ទាប់ពីសម្ព័ន្ធមិត្តធំៗចំនួន៣ បានធ្វើពហិការចំពោះ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដ៏សំខាន់មួយ នៅព្រឹទ្ធសភា កាលពីថ្ងៃពុធសប្តាហ៍នេះ។ ជាលទ្ធផលរដ្ឋាភិបាលចម្រុះរបស់លោក ត្រូវដួលរលំ។

គួរបញ្ជាក់ថា បច្ចុប្បន្នអ៉ីតាលីកំពុងប្រឈមបញ្ហាលំបាកផ្នែកសេដ្ឋកិច្ច ជាពិសេសគឺការកើនឡើងនៃអតិផរណា ហើយកំពុងព្យាយាមគ្រប់គ្រង ផលប៉ះពាល់ដែលបណ្តាលមកពី វិបត្តិសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៉ី៕