(កូឡុំបូ)៖ លោក ឌីណេស ហ្គូណាវ៉ាដេណា (Dinesh Gunawardena) បានស្បថចូលកាន់តំណែងជា នាយករដ្ឋមន្រ្តីថ្មីស្រីលង្កា នាថ្ងៃសុក្រនេះ ក្រោយការតែងតាំង ដោយប្រធានាធិបតីលោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។

លោក ហ្គូណាវ៉ាដេណា ដែលជាសមាជិកសភាមកពីគណបក្ស SLPP បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងរបស់លោក នៅក្នុងរដ្ឋធានីកូឡុំបូ ក្រោមវត្តមានលោក វីគ្រីមេស៉ីងហ្កេ និងបណ្តាសមាជិកសភាជាន់ខ្ពស់ដទៃៗទៀត។ មន្រ្តីជាន់ខ្ពស់មួយរូប នៃការិយាល័យប្រធានាធិបតីស្រីលង្កា បានប្រាប់ថា គណៈរដ្ឋមន្រ្តីក៏នឹងត្រូវស្បថចូលកាន់តំណែង នាថ្ងៃសុក្រនេះដូចគ្នាផងដែរ។

គួរបញ្ជាក់ថា លោក វីគ្រីមេស៉ីងហ្កេ បានជាប់ជាប្រធានាធិបតីថ្មីស្រីលង្កា នៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយលោកបានស្បថចូលកាន់តំណែង កាលពីថ្ងៃព្រហស្បតិ៍។ វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងររបស់ស្រីលង្កា បានបង្កឱ្យផ្ទុះបាតុកម្មទ្រង់ទ្រាយធំ អស់រយៈពេលជាច្រើនខែ ដែលទីបំផុតបានបង្ខំឱ្យ អតីតប្រធានាធិបតីលោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) រត់គេចខ្លួនទៅក្រៅប្រទេស ហើយចុះចេញពីអំណាច៕