(រ៉ូម)៖ នាយករដ្ឋមន្រ្តីអ៉ីតាលី លោក ម៉ារីអូ ដ្រាហ្គី (Mario Draghi) នៅថ្ងៃព្រហស្បតិ៍នេះ បានប្រគល់លិខិតលាលែងពីតំណែង ឱ្យទៅប្រធានាធិបតីអ៉ីតាលី លោក សឺជីអូ ម៉ាត់តារែលឡា (Sergio Mattarella) បន្ទាប់ពីរដ្ឋាភិបាលចម្រុះរបស់លោក បានដួលរលំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។

ការិយាល័យរបស់លោកប្រធានាធិបតីអ៉ីតាលី បានចេញសេចក្តីថ្លែងការណ៍ថា លោក ម៉ាត់តារែលឡា បានទទួលយកលិខិតរបស់ លោក ដ្រាហ្គី ប៉ុន្តែបានស្នើឱ្យលោក បន្តនៅជានាយករដ្ឋមន្រ្តីចាំផ្ទះសិន។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែល មិនមានការបញ្ជាក់ថា តើលោក ម៉ាត់តារែលឡា នឹងចាត់ចែងជំហានបន្ទាប់យ៉ាងណានោះឡើយ ខណៈបើតាមប្រភពពីក្រុមអ្នកនយោបាយអ៉ីតាលី គឺលោកទំនងជានឹងប្រកាសរំលាយសភា ហើយអំពាវនាវឱ្យរៀបចំការបោះឆ្នោតមុនអាណត្តិ។

គួរបញ្ជាក់ថា រដ្ឋាភិបាលចម្រុះអ៉ីតាលី បានដួលរលំកាលពីថ្ងៃពុធសប្តាហ៍នេះ នៅពេលដែលដៃគូសំខាន់ៗចំនួន៣ របស់លោក ដ្រាហ្គី ធ្វើពហិការចំពោះការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដែលរូបលោកបានស្នើឡើង ដើម្បីព្យាយាមបិទបញ្ចប់ភាពបែកបាក់ និង ស្តារសម្ព័ន្ធភាពដែលប្រេះឆា ឡើងវិញ។ តាមពិតទៅ កាលពីសប្តាហ៍មុន លោក ដ្រាហ្គី ក៏បានដាក់ពាក្យលាលែងម្តងរួចមកហើយ ទៅកាន់លោក ម៉ាត់តារែលឡា ផងដែរ ប៉ុន្តែពេលនោះ ត្រូវបានលោកប្រធានាធិបតីអ៉ីតាលីបដិសេធ៕