(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន គ្រោងនឹងជួបសន្ទនាជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង នៅចុងខែកក្កដានេះ ចំពោះមុខភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់ និងជម្លោះពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។

លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីលោកត្រឡប់មកពីរដ្ឋ ម៉ាស់សាជូសេត (Massachusetts) នៅថ្ងៃពុធសប្តាហ៍នេះយ៉ាងដូច្នេះថា «ខ្ញុំគិតថានឹងនិយាយជាមួយលោកប្រធានាធិបតី ស៉ី ក្នុងរយៈពេល១០ថ្ងៃខាងមុខ»។ ប៉ុន្តែ ការលើកឡើងបែបនេះរបស់លោក បៃដិន កំពុងបង្កការសង័្សយ ដល់ផែនការបំពេញទស្សនកិច្ច ដែលត្រូវបានគ្រោងទុកដោយប្រធានសភាអាមេរិក គឺលោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ នាខែក្រោយនេះ។

គួរបញ្ជាក់ថា ថ្មីៗនេះទីក្រុងប៉េកាំង បានព្រមានថាខ្លួននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើលោកស្រី ផេឡូស៉ី បំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ និងបានអះអាងថាដំណើរទស្សនកិច្ចបែបនេះនឹងធ្វើឱ្យ «ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន»

ជំនួបពិភាក្សាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ ដែលមិនបានរៀបចំក្នុងរយៈពេល៤ខែមកហើយនេះ អាចនឹងកើតឡើងចំពេលវេលាដ៏សំខាន់មួយ លើភាពតានតឹងនៃកោះតៃវ៉ាន់ ខណៈរដ្ឋបាលលោក បៃដិន ក៏កំពុងថ្លឹងថ្លែងអំពីការកាត់បន្ថយពន្ធនាំចូលលើទំនិញពីប្រទេសចិន ដើម្បីជួយកាត់បន្ថយសម្ពាធអតិផរណាសម្រាប់ពលរដ្ឋអាមេរិកផងដែរ៕