(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ បាននិយាយថាគោលបំណងយោធារបស់រុស្ស៉ីនៅក្នុងប្រទេសអ៊ុយក្រែន មិនមែនផ្ដោតត្រឹមតែតំបន់ដុនបាស់នោះទេ ខណៈកងទ័ពរុស្ស៉ី បន្តផ្លោងគ្រាប់លើតំបន់ភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី អ អាយ អេ ណូវ៉ូស្ទី (RIA Novosti) កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក ឡារ៉ូវ បានសង្កត់ធ្ងន់ដូច្នេះថា «នៅពេលដែល រុស្ស៉ី និងអ៊ុយក្រែន បានពិភាក្សាគ្នាពីលទ្ធភាពស្វែងរកកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់អរិភាព ពួកយើងបានត្រៀមលក្ខណៈដើម្បីទទួលយកសំណើរបស់អ៊ុយក្រែន ដោយផ្អែក លើលក្ខណៈភូមិសាស្ត្រ នៅត្រឹមខែមីនា ឆ្នាំ២០២២»។

ប៉ុន្តែ បើតាមរដ្ឋមន្ត្រីការបរទេសរុស្ស៉ីរូបនេះ លក្ខណៈភូមិសាស្ត្របច្ចុប្បន្ន និងកាលពីខែមីនា បានប្រែប្រួលបាត់ទៅហើយ។ ដូច្នេះបច្ចុប្បន្ន រុស្ស៉ីមិនមែនផ្ដោតតែទៅលើដុនបាស់ ប៉ុណ្ណោះទេ តែរុស្ស៉ីក៏កំពុងផ្ដោតដែរលើតំបន់ខឺសុន (Kherson) តំបន់ ហ្សាប៉ូរីស៊ីយ៉ា (Zaporizhia) និងតំបន់មួយចំនួនទៀតផងដែរ។

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ឡារ៉ូវ កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បាននិយាយថារុស្ស៉ីកំពុងចាប់ផ្ដើមកាត់យកទឹកដីអ៊ុយក្រែន បញ្ចូលទៅក្នុង ឧបសម្ព័ន្ធរបស់ខ្លួន ដែលមូស្គូបានក្រសោបយកតំបន់គ្រីមៀ ពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤៕