(កូឡុំបូ)៖ រលកនៃកំហឹងបានរាលដាលពាសពេញផ្លូវប្រទេសស្រីលង្កានៅថ្ងៃពុធនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Ranil Wickremesinghe ដែលបានសន្យាថានឹងចុះចេញពីតំណែង បានឈ្នះការបោះឆ្នោតនៅក្នុងសភាដើម្បីធ្វើជាប្រធានាធិបតីរបស់ប្រទេស រហូតដល់ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២។

សមាជិកសភាបានបោះឆ្នោតជ្រើសរើសអ្នកស្នងតំណែងប្រធានាធិបតី ពីលោក Gotabaya Rajapaksa ដែលត្រូវបានបណ្តេញចេញ និងបានភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃទី១៣ ខែកក្កដា ដើម្បីគេចចេញពីការបះបោរដ៏ខ្លាំងក្លា ពីសំណាក់មហាជនលើតួនាទីគ្រួសាររបស់គាត់ ដែលជារាជវង្សនយោបាយដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសស្រីលង្កា និងដែលជាអ្នកដើរតួក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសនេះ។

ការតវ៉ាបានផ្ទុះឡើងនៅទីក្រុងកូឡុំបូក្នុងខែមីនា ហើយបានរីករាលដាលពាសពេញប្រទេស ចាប់តាំងពីប្រជាជនបានជួបបញ្ហាជាមួយនឹងការដាច់ចរន្តអគ្គិសនីប្រចាំថ្ងៃ និងការខ្វះខាតទំនិញជាមូលដ្ឋាន ដូចជាប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យ ដោយសារទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសនេះបានអស់ ដែលធ្វើឱ្យប្រទេសនេះមិនអាចទូទាត់បានសម្រាប់ការនាំចូល។

នៅពេលដែល លោក Rajapaksa ចាកចេញ លោកបានទុកឲ្យសម្ព័នមិត្តរបស់លោក គឺលោក Wickremesinghe ធ្វើជាប្រធានាធិបតីស្តីទី ដែលជាការសម្រេចចិត្តនេះបង្កឱ្យមានការតវ៉ាកាន់តែច្រើន។

ការបោះឆ្នោតនៅថ្ងៃពុធសប្តាហ៍នេះ ត្រូវបានធ្វើឡើងដើម្បីជ្រើសរើសប្រធានាធិបតីថ្មី ដើម្បីបញ្ចប់អាណត្តិរបស់ លោក Rajapaksa ដែលផុតកំណត់នៅឆ្នាំ២០២៤៕