(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងជំទាវទី១ លោកស្រី ជៀល បៃដិន បានទទួលស្វាគមន៍ជំទាវទី១ អ៊ុយក្រែន គឺលោកស្រី អូឡេណា ហ្សេលេនស្កា (Olena Zelenska) មកកាន់សេតវិមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានបង្ហាញក្តីរំពឹងថា នឹងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ពីដំណើរទស្សនកិច្ចរបស់ភរិយាលោក នៅឯរដ្ឋធានីវ៉ាស៉ីនតោន។ បើតាមលោក ហ្សេលេនស្គី កិច្ចការរបស់លោកស្រី ហ្សេលេនស្កា រួមមានដូចជា បង្កើនការគាំទ្ររបស់អាមេរិកសម្រាប់អ៊ុយក្រែន, ស្វែងរកការជួយជ្រោមជ្រែងបន្ថែម ដើម្បីការពារប្រជាជនអ៊ុយក្រែនពីរុស្ស៉ី និងជំរុញជំនួយមនុស្សធម៌។

គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ (ពេលវេលានៅទីក្រុងវ៉ាស៉ីនតោន) លោកស្រី ហ្សេលេនស្កា ក៏នឹងត្រូវថ្លែងសុន្ទរកថា នៅចំពោះមុខសភាសហរដ្ឋអាមេរិក ផងដែរ។ ដំណើរទស្សនកិច្ចរបស់ភរិយាលោក ហ្សេលេនស្គី មកកាន់ទីក្រុងវ៉ាស៉ីនតោន គឺធ្វើឡើងតបតាម ការអញ្ជើញរបស់ភរិយាលោក បៃដិន ដែលបានទៅបំពេញទស្សនកិច្ចដល់អ៊ុយក្រែន កាលពីឧសភា៕