(វ៉ាសូវី)៖ ប្រទេសប៉ូឡូញបានសម្រេចថា នឹងទិញរថក្រោះ M1 Abrams ដែលប្រើប្រាស់រួចចំនួន ១១៦គ្រឿង ពីសហរដ្ឋអាមេរិក ដើម្បីយកទៅជួយបំពេញឡើងវិញនូវ ចំនួនរថក្រោះដែលខ្លួនបានផ្តល់ឱ្យអ៊ុយក្រែន នាពេលកន្លងមកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក ម៉ារីយូហ្ស ប្លាសហ្សាក់ (Mariusz Blaszczak) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ IAR កាលពីថ្ងៃសុក្រសប្តាហ៍នេះថា ទីក្រុងវាសូវី ទើបតែបានឈានដល់កិច្ចព្រមព្រៀង ស្តីពីការទិញរថក្រោះខាងលើ ជាមួយសេតវិមាន។ បើតាម IAR ក្រុមរថក្រោះដំបូង នឹងប្រគល់ដល់ដៃប៉ូឡូញ នៅដើមឆ្នាំក្រោយ។

ពួកវានឹងជំនួស រថក្រោះសម័យសហភាពសូវៀត T-72 ជាង ២៤០គ្រឿង ដែលប៉ូឡូញបានប្រគល់ឱ្យអ៊ុយក្រែន កាលពីខែមេសា។ តាមពិតទៅពីដំបូងឡើយ ប៉ូឡូញសង្ឃឹមថានឹងបំពេញឃ្លាំងរបស់ខ្លួនឡើងវិញ ជាមួយរថក្រោះ Leopard 2 របស់អាល្លឺម៉ង់ ក៏ប៉ុន្តែ គម្រោងនោះ មិនអាចលេចចេញជារូបរាងបាន ហើយក្រោយមកទៀត ប្រធានាធិបតីប៉ូឡូញ លោក អាន់ដ្រេ ឌូដា (Andrzej Duda) ថែមទាំងបានចោទប្រកាន់ ទីក្រុងបែរឡាំងថា មិនគោរពពាក្យសន្យាទៀតផង កាលពីខែឧសភា។

គួរបញ្ជាក់ថា រីឯកាលពីខែមេសា ប៉ូឡូញក៏បានចុះកិច្ចព្រមព្រៀង ដាច់ដោយឡែកមួយផ្សេងទៀត ជាមួយអាមេរិក ដើម្បីទិញរថក្រោះ Abrams ថ្មីៗ ចំនួន២៥០គ្រឿងផងដែរ៕