(កៀវ)៖ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសថា ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត M270 ដំបូង បានមកដល់អ៊ុយក្រែនហើយ ប៉ុន្តែលោកមិនបានប្រាប់ពីឈ្មោះប្រទេស ដែលផ្តល់ពួកវានោះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក អូឡិចស៉ី រេហ្សនីកូវ (Olekisii Reznikov) បានប្រកាសពីដំណឹងខាងលើ តាមប្រព័ន្ធ Twitter ថា «សមត្ថភាពវាយប្រហារចម្ងាយឆ្ងាយរបស់កងទ័ពអ៊ុយក្រែន គឺត្រូវបានពង្រីកកាន់តែធំ បន្ទាប់ពីប្រព័ន្ធ M270 ដំបូង បានមកដល់។ ពួកវានឹងបម្រើជាដៃគូយ៉ាងល្អ សម្រាប់ប្រព័ន្ធ HIMARS នៅលើសមរភូមិ»។ ប្រព័ន្ធ HIMARS ដែលអ៊ុយក្រែន កំពុងប្រើប្រាស់គឺ បានមកពីសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្លាប់បង្ហាញពីចំណាប់អារម្មណ៍ចង់បាន ប្រព័ន្ធ M270 ពីក្រុមប្រទេស G7 កាលពីខែឧសភា។ រីឯកាលពីខែមិថុនាកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ុយក្រែន បានរាយការណ៍ថា ចក្រភពអង់គ្លេសនិងន័រវែស បានយល់ព្រមប្រគល់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតនេះ ឱ្យអ៊ុយក្រែន៕