(ម៉ិចស៉ីកូស៉ីធី)៖ កងទ័ពជើងទឹកម៉ិចស៉ិកបានឱ្យដឹងថា កងម៉ារីនម៉ិចស៉ិកចំនួន១៤នាក់ បានបាត់បង់ជីវិត កាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅពេលដែលឧទ្ធម្ភាគចក្ររបស់ពួកគេ បានធ្លាក់កំលុងប្រតិបត្តិការចាប់ខ្លួននិងដឹកជញ្ជូន មេឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ នៅភាគខាងជើងប្រទេសម៉ិចស៉ិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២។

ឧទ្ធម្ភាគចក្រដែលជួបគ្រោះថ្នាក់ខាងលើ គឺប្រភេទ ប្លេកហាក (Black Hawk) និងជាកម្មសិទ្ធិរបស់កងទ័ពជើងទឹកម៉ិចស៉ិក។ វាបានធ្លាក់ពេលហោះហើរអមដំណើរ យន្តហោះមួយគ្រឿងទៀត ដែលដឹកលោក រ៉ាហ្វាអែល ការ៉ូ គ្វីនតឺរ៉ូ (Rafael Caro Quintero) ជាមេក្រុមឧក្រិដ្ឋជនគ្រឿងញៀនហៅថា ហ្ក្វាដាឡាហារ៉ា (Guadalajara) និងទើបតែត្រូវចាប់ខ្លួនបាន ក្នុងថ្ងៃដដែល នៅរដ្ឋ ស៉ីណាឡូអា (Sinaloa) ភាគខាងជើងប្រទេស។ មានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលបានរួចរស់ជីវិត ខណៈមូលហេតុនៃការធ្លាក់ នៅមិនទាន់ដឹងច្បាស់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏បានប្រកាសតាមចាប់ខ្លួនលោក ការ៉ូ គ្វីនតឺរ៉ូ ផងដែរ ហើយកំពុងតែព្យាយាមស្នើម៉ិចស៉ិកឱ្យធ្វើបត្យាប័ន មេគ្រឿងញៀនរូបនេះឱ្យទៅខ្លួន ដោយសារករណីឃាតកម្មលើភ្នាក់ងារម្នាក់ របស់រដ្ឋបាលបង្រ្កាបគ្រឿងញៀនអាមេរិក DEA កាលពីឆ្នាំ១៩៨៥៕