(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណបានប្រកាស កាលពីថ្ងៃសុក្រសប្តាហ៍នេះថា ក្រសួងការបរទេសអាមេរិក ទើបតែអនុម័តគម្រោងលក់សព្វាវុធ ដែលសរុបជាទឹកប្រាក់ស្មើនឹងជាង ១.៥ពាន់លានដុល្លារ សម្រាប់ប្រទេសចំនួន៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងនោះរួមមាន ការលក់ប្រព័ន្ធបាញ់មីស៉ីល M142 HIMARS ចំនួន៦គ្រឿង រួមជាមួយគ្រាប់មីស៉ីល, សម្ភារគាំទ្រ, គ្រឿងបន្លាស់, និងការគាំទ្រផ្នែកបច្ចេកទេស ឱ្យដល់ប្រទេសអេស្តូនី ព្រមទាំងការលក់មីស៉ីលរយៈចម្ងាយមធ្យម សម្រាប់បាញ់ពីលើអាកាស ឆ្ពោះទៅកាន់គោលដៅលើផ្ទៃអាកាស ក៏ដូចជាបរិក្ខារពាក់ព័ន្ធផ្សេងទៀត ឱ្យទៅន័រវែស ក្នុងតម្លៃ៩៥០លានដុល្លារ ហើយនិងការលក់ មីស៉ីលរត់ក្រោមទឹក MK54 ឱ្យទៅកូរ៉េខាងត្បូង ក្នុងតម្លៃ១៣០លានដុល្លារ។

គួរបញ្ជាក់ថា បើតាមមន្ទីរបញ្ចកោណ គឺទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់ខ្លួន បានជូនដំណឹងអំពីការអនុម័ត គម្រោងលក់សព្វាវុធខាងលើ ទៅកាន់សភារួចហើយ។ ប៉ុន្តែទោះជាបែបនេះក៏ដោយ វាមិនមែនមានន័យថា កិច្ចសន្យាត្រូវបានចុះហត្ថលេខា ឬមួយក៏កិច្ចចរចាត្រូវបានបិទបញ្ចប់នោះឡើយ៕