(រីហ្កា)៖ សភារបស់ប្រទេសឡេតូនី បានអនុម័តលើការធ្វើវិសោធនកម្មច្បាប់ថាមពលរបស់ខ្លួន ដែលនឹងហាមឃាត់ការនាំចូលឧស្ម័នធម្មជាតិពីប្រទេសរុស្ស៉ី ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរបស់ឡេតូនី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានរាយការណ៍ថា បទប្បញ្ញត្តិថ្មីមួយ ក៏ត្រូវបានអនុម័តផងដែរ ដែលវានឹងគ្របគ្រងលើកិច្ចព្រមព្រៀង ជាមួយបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត អំពីវិធីសាស្រ្តដើម្បីអនុវត្តបម្រាមនោះ។ ឡេតូនី ដែលជាប្រទេសសមាជិកសហភាពអឺរ៉ុប នៃតំបន់បាល់ទិក (Baltic) រួមជាមួយប្រទេសអេស្តូនី និងលីទុយអានី បានបញ្ឈប់ការនាំចូលឧស្ម័នពីរុស្ស៉ី ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៉ី ចំពោះមុខទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ កន្លងទៅប្រទេសទាំងនេះ ធ្លាប់បានច្រានចោល ការទាមទារឱ្យទូទាត់ឧស្ម័នធម្មជាតិជាប្រាក់រូប្លិ៍ ផងដែរ។

កាលពីខែមុននាយករដ្ឋមន្រ្តីឡេតូនី លោក អាតទូស គ្រីសចានីស ការីនស៍ (Arturs Krisjanis Karins) បានប្តេជ្ញាថាប្រទេសរបស់លោក នឹងមិននាំចូលឧស្ម័នពីរុស្ស៉ីឡើងវិញឡើយ បើទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ។

គួរបញ្ជាក់ថា ឡេតូនី បាននាំចូលឧស្ម័នប្រមាណ ៩០% ពីរុស្ស៉ី។ ទន្ទឹមនឹងនេះ តម្លៃពន្ធលើឧស្ម័នក៏បាននឹងកំពុងកើនឡើង។ ដោយអាស្រ័យលើកម្រិតនៃការប្រើប្រាស់ វិក្កយបត្រនៅតាមខ្នងផ្ទះ ក្នុងប្រទេសឡេតូនី បានកើនឡើងចន្លោះពីជាង៦៥% ទៅជាង៨៩% ចាប់តាំងពីដើមខែកក្កដា៕