(បាងកក)៖ កាលពីព្រឹកថ្ងៃសុក្រនេះ ឧទ្ធម្ភាគចក្រ១គ្រឿងប្រភេទ ប្លេកហាក (Black Hawk) របស់កងទ័ពជើងគោកថៃ បានធ្លាក់ទៅក្នុងព្រៃចម្ការកៅស៊ូមួយកន្លែង ស្ថិតនៅខេត្តសុងខ្លា (Songkhla) ភាគខាងត្បូងប្រទេស ហើយបណ្តាលឱ្យមន្រ្តីយោធា៧នាក់ ទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Thaiger នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។

មុនពេលកើតហេតុ ឧទ្ធម្ភាគចក្រខាងលើ បានធ្វើដំណើរពីបន្ទាយយោធាមួយកន្លែង ស្ថិតក្នុងស្រុកហាត់យ៉ៃ (Hat Yai) ខេត្តសុងខ្លា ដើម្បីឆ្ពោះទៅកាន់ បន្ទាយយោធាមួយកន្លែងទៀត ស្ថិតក្នុងស្រុក យ៉ារ៉ាង (Yarang) នៃខេត្តប៉័ត្តានី (Pattani)។ ប៉ុន្តែរយៈពេលប្រហែល ១៥នាទីក្រោយមក ពេលធ្វើដំណើរជិតដល់ស្រុក ទេពផា (Thepha) នៃខេត្តសុងខ្លា ម៉ាស៉ីនឧទ្ធម្ភាគចក្របានជួបបញ្ហា ដែលជាហេតុជំរុញឱ្យពីឡុតទាំង២នាក់ ព្យាយាមធ្វើការចុះចតជាបន្ទាន់ ប៉ុន្តែឧទ្ធម្ភាគចក្រនោះ ក៏បានធ្លាក់ទៅបុកដើមឈើ ក្នុងចម្ការកៅស៊ូមួយកន្លែង។

យ៉ាងណាមិញ ការធ្លាក់នោះមិនបានបង្កឱ្យមានគ្រោះអគ្គីភ័យឡើយ ហើយក្រុមអ្នកស្រុកដែលបានប្រទះឃើញហេតុការណ៍ ក៏បានជូនដំណឹងដល់អាជ្ញាធរ រួចក៏មានការបញ្ជូនក្រុមសង្រ្គោះ និងសមត្ថកិច្ចភ្លាមៗ ទៅកាន់ទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកធ្វើដំណើរលើឧទ្ធម្ភាគចក្រនោះ រួមមានឧត្តមសេនីយផ្កាយ៣ម្នាក់ ឈ្មោះ គ្រាងក្រៃ ស្រីរ៉ាក់ (Kriangkrai Srirak) ដែលជាមេបញ្ជាការកងទ័ពជើងគោកថៃ ប្រចាំយោធភូមិភាគទី៤។ ចំណែក៦នាក់ទៀត រួមមានពីឡុត២នាក់, មេកានិច២នាក់, អ្នកថតរូប១នាក់ និងជំនួយការ១នាក់។ អ្នកទាំង៧ សុទ្ធតែត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល ខណៈលោក គ្រាងក្រៃ បានរងរបួសធ្ងន់ធ្ងរជាងគេ គឺលោកបានបាក់ឆ្អឹងត្រគាកផ្នែកខាងស្តាំ និងហូរឈាមនៅខាងក្នុងខ្លួន៕